ខ្សឹបដាក់ត្រចៀក៖ លោកប្រធាន តាប់ ម៉ាឡៃ កេណ្ឌប្រមូលសាច់ញាតិចំនួន១០នាក់ មកធ្វើការក្នុងអង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក តាប់ ម៉ាឡៃ មិនអាចជៀសផុតពីបញ្ហាគ្រួសារនិយម អំពើពុករលួយ និងជៈឥទ្ធិពលដ៏អាក្រក់ដល់ យន្តការ កំណែទម្រង់រដ្ឋបាលសុីជម្រៅ របស់ថ្នាក់លើ ពិសេសបង្កើតជាសតិអារម្មណ៍ការងារដល់ បុគ្គលិក មន្រ្តីរាជការ ខណៈលោកប្រធាន តាប់ ម៉ាឡៃ កេណ្ឌប្រមូលសាច់ញាតិចំនួន១០នាក់ មកធ្វើការក្នុងអង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ និងល្បីថា៖ រាល់ឯកសារស្នើសុំចុះបញ្ជីដីធ្លី ផ្ទេរកម្មសិទ្ធ បើមិនរត់ការតាមរយៈសែស្រឡាយ លោក តាប់ ម៉ៃឡា ទេ គឺប្រឈមនឹងការផ្អិបឯកសារទុក ធ្វើអោយយឺតយូរ។ ទោះថ្នាក់លើ ឬលោក តាប់ ម៉ាឡៃ ប្រតិភូកម្ម អំណាច អោយជំនាញធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋក៏ដោយ ក៏ក្រុមគ្រួសារសាច់ញាតិលោកប្រធានមន្ទីរ ជ្រៀតជ្រែកលូកដៃក្នុងកិច្ចការជំនាញទាំងក្នុងអង្គភាពមន្ទីរ និងតាមការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងភូមិបាល យ៉ាងពេញទំហឹង។
ភាពមិនប្រក្រតីនេះត្រូវបានគេលួចទម្លាយពីការដឹកនាំដោយទម្លាប់ គ្រួសារនិយម អំពើពុករលួយ ក្នុងនោះគេបង្ហើបថា៖ លោកប្រធានមន្ទីរ តាប់ ម៉ាឡៃ មានកូនប្រសារ ,ជីដូនមួយ ,ក្មួយៗ ,និងមនុស្សជំនិត ,របស់គាត់មិនតិចជាង១០នាក់ បានក្តោបការងារយ៉ាងណែនពេញដៃ ខាងប្រមូលសេដ្ឋកិច្ច រត់ការឯកសារកាត់ប្លង់ ធ្វើប្លង់ ស្នើចុះបញ្ជីដីធ្លី ជាប្រយោជន៍ ឬទុកជាតម្រុយខ្លះៗដើម្បីអោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹង ចាត់ទុកជាកម្មវត្ថុខ្លះផ្តល់ភាពយុត្តិធម៍ដល់មន្ត្រីឯទៀតដែលខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ជំនាញ មានកម្លាំងចិត្តបម្រើការងារជូនអង្គភាព។
គេបានបង្ហើបថា៖ ចំពោះតម្លៃកាត់ឈ្មោះប្លង់ដីមួយកន្លែង ក្រុមគ្រួសារសាច់ញាតិ លោក តាប់ ម៉ាឡៃ និងលោក តាប់ ម៉ាឡៃផ្ទាល់យកសេវាពុករលួយ ទៅតាមទំហំដី តាមតំបន់ យ៉ាងតិចក៏១ឯកសារត្រូវចំណាយ
ចាប់ពី៤៥០ដុល្លារ ឡើងទៅដល់រាប់ពាន់ដុល្លារ។ ទោះជាមានច្រកចេញចូលតែមួយក៏ដោយ ក៏អំពើពុករលួយនេះចាក់ឬសគល់ដដែល។ នេះមិនគិតពីសេវាកាប់ដាវ ការស្នើបើកស្ថានីយ៍ប្រេងនោះផង។
សូមរម្លឹកថា៖ អង្គភាពមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំដោយលោក តាប់ ម៉ាឡៃ គាត់បានចូលកាន់តំណែងតាំងពីថ្ងៃទី១០ ​ខែមករា ឆ្នាំ២០១១ ដល់ពេលនេះ គឺនៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មានអាយុកាលការងារដឹកនាំដល់ចំនួន១០ឆ្នាំគត់ ប៉ុន្តែក្នុងរយៈពេលចាប់តាំងលោក តាប់ ម៉ាឡៃ បានធ្វើជាប្រធានមន្ទីរមួយនេះ អំពើពុករលួយ និងគ្រួសារនិយម ក៏បានកើតមានជាបន្តបន្ទាប់ ឈានដល់កេណ្ឌប្រមូលសាច់ញាតិមកកើបលុយក្នុងអង្គភាពនេះកាន់តែខ្លាំង និងរក្សាតំណែងបានយ៉ាងរឹងមាំ..! បញ្ហានេះកើតឡើងដោយសារអ្វី..!
បើមានករណីបែបនេះពិតប្រាកដមែន ការដឹកនាំរបស់លោក តាប់ ម៉ាឡៃ បានប៉ៈពាល់និងការកែទម្រង់ការងាររបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដ៏ធ្ងន់ធ្ងរ និងផ្ទុយពីរដ្ឋបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងយន្តការលុបបំបាត់អំពើពុករលួយ។
ក្រុមមន្ត្រីបានលួចបង្ហើបខ្លះៗអោយដឹងថា៖ អង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ មានគ្រួសារនិយម និងអំពើពុករលួយ ដោយលោកប្រធានមន្ទីរ តាប់ ម៉ាឡៃ បានលើកតំកើងសាច់ញាតិ របស់ខ្លួនអោយក្តោបសេដ្ឋកិច្ច ក្នុងនោះរួមមាន៖ ទី១-លោក គង់ សុជា ជាប្រធានការិយាល័យសំណង់ ត្រូវជាប្អូនជីដូនមួយ របស់គាត់។ ទី២-លោក ខា សុភីន អនុប្រធានការិយាល័យរដ្ឋបាល ត្រូវក្មួយបង្កើត។ ទី៣-លោក ជឹម សារឿង មន្ត្រីខាងផ្នែក (GIS) ត្រូវជាក្មួយបង្កើត មានអំណាចខ្លាំង តែងបង្កើតវប្បធម៍ពុករលួយ ទាញយកផលប្រយោជន៍តាមរយៈការងារ ខាងព្រីនប្លង់។ បើប្រជាពលរដ្ឋ ឬ អ្នករត់ការ មិនបង់សេវាតាមការទាមទារពីបុគ្គលនេះទេ ប្រាកដជាគេមិនព្រីនប្លង់ដីអោយប្រធានមន្ទីរ ដែលជាពូ យកទៅស៊ីញ៉េបានឡើយ។ ទី៤-លោកស្រី អួយ ចាន់វល័ក្ខ កាន់ការិយ៉ាល័យអភិរក្ស ត្រូវជាក្មួយប្រសារ។ ទី៥ -លោក តាន់ បូរី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាកូនប្រសារ។ ទី៦-កញ្ញា អួយ ចាន់ពិសី មន្ត្រីកិច្ចសន្យាការិយាល័យសំណង់ ត្រូវជាក្មួយរបស់លោកស្រី អួយ ចាន់វល័ក្ខ ។ក្រៅពីនោះមានមន្ត្រីកិច្ចសន្យា៣រូបទៀត ត្រូវជាក្មួយរបស់លោកប្រធានមន្ទីរផងដែរ។
ក្រុមមន្ត្រីបានបន្តថា៖ ចំណែកអ្នកដែលជំនិតបំផុតរបស់លោកប្រធានមន្ទីរ និងមានអំណាចខ្លាំង គឺ លោក ស៊ីម រតនៈ ប្រធានការិយាល័យរដ្ឋបាល កំពូលខាងយកជំនាញមកកៀបសង្កត់ទាញរកផលប្រយោជន៍នៃអំពើពុករលួយក្នុងតំណែង និងរកសេដ្ឋកិច្ច អោយលោក តាប់ ម៉ាឡៃ ល្បីពេញមន្ទីរ ។
ចំពោះមន្ត្រីដែលមានឈ្មោះខាងលើ សព្វថ្ងៃពួកគេកំពុងមានមោទនភាព នឹងការប្រព្រិត្តិអំពើពុករលួយជាលក្ខណៈចំហរ ដោយម្នាក់ៗប្រឹងបំផុត រឿងចេញមុខអ្នករត់ការកាត់ឈ្មោះប្លង់ដី ក្នុងមួយប្លង់ៗ យកថ្លៃឯកសារ ចាប់ពី៤៥០ដុល្លាឡើងទៅរហូតដល់ពាន់ដុល្លាតាមប្រភេទដីធំ តូច ត្រូវប៉ាន់ ឬ មិនសូវត្រូវប៉ាន់។ ប្រសិនបើអ្នកត្រូវការកាត់ឈ្មោះប្លង់ដីតាមរយៈមន្ត្រីទាំងនេះ ស៊ីញ៉េលឿនក្នុងរយៈពេលខ្លី និងកាត់ប្លង់រួចរាល់ ដោយកម្រឧបស័គ្គ ។ ប៉ុន្តែបើកាន់ឯកសារដោយខ្លួនឯងវិញ ត្រូវចំណាយពេលរាប់ខែ ក៏ចេញមិនរួចផងពេលខ្លះ ដោយគេប្រើជំនាញថាខុសនេះ ខុសនោះ ខុសបច្ចេកទេស តាមជំនាញដែលគេកំពុងអនុវត្តប្រមូលលុយកាក់កប។ ផ្ទុយទៅវិញសម្រាប់មន្ត្រីក្នុងមន្ទីរផ្សេងៗ ដែលកាន់ឯកសាររត់ការកាត់ឈ្មោះប្លង់ដី ក៏ត្រូវចំណាយពេលយូដែរ។ ព្រោះពួកគេមិនចង់អោយមន្រ្តីនៅក្នុងមន្ទីរ ដែលក្រៅពីសាច់ញាតិ និងបក្ខខ្លួន បានដឹងពីទិន្និន័យសេវាពុករលួយ ឬមិនទុកអោយមន្ត្រីមានឱកាសរកអង្ករច្រកឆ្នាំង ដោយការជួយប្រជាពលរដ្ឋតាមជំនាញ ទទួលសារគុណនោះឡើយ។
បញ្ហាស្នើសុំច្បាប់សាងសង់ លោក តាប់ ម៉ាឡៃ បង្កអោយមានការលំបាកបំផុត បើព្រងើយកន្តើយបង់សេវាពុករលួយ។ ក្នុងនោះបើសំណង់អត់ច្បាប់ក៏សំបូរបែប តែគេចមិនផុតពីការបង់លុយអោយ លោក តាប់ ម៉ាឡៃ និងក្រុមគ្រួសារសាច់ញាតិក្នុងអង្គភាព មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពី៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print