ប៉ូលីសអាមេរិកកំពុងតាមរក យ៉ុង ច័ន្ទសុធាវីដែលទៅច្រៀងនៅអាមេរិកហើយរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រភពច្បាស់ការពីសហរដ្ឋអាមេរិកបានបញ្ជាក់ថា មន្ត្រីប៉ូលីសអាមេរិកបាននឹងកំពុងតាមស្វែងរកតារាចម្រៀងស្រីពីកម្ពុជាគឺកញ្ញា យ៉ុង ច័ន្ទសុធាវីដែលបានរត់គេចខ្លួនក្រោយពីនាងបានចេញទៅសម្តែងទីនោះអស់រយៈពេលជាច្រើនខែ។

​គួររំលឹកដែរថា តារាចម្រៀង យ៉ុង ច័ន្ទសុធាវី បានធ្វើដំណើរចេញពីកម្ពុជារួមជាមួយនឹងតារាកំប្លែងនាងប្រិមប្រិយ និងនាយក្រិន ដើម្បីចេញទៅសម្តែង និងច្រៀងរាំរកលុយនៅលើទឹកដីអាមេរិកកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ។ ពួកគេបាននឹងកំពុងសម្តែងនៅតាមបណ្តារដ្ឋមួយចំនួននៅលើទឹកដីអាមេរិកដែលមានប្រជាជនខ្មែររស់នៅហើយគ្រោងនឹងវិលមកកម្ពុជាវិញក្នុងអំឡុងដើមខែមេសាឆ្នាំ២០១៦នេះ។

​ប្រភពពីអ្នកសិល្បៈម្នាក់ដែលជិតដិតនឹងអ្នករៀបចំកម្មវិធីKhmer Entertainment of America បានបញ្ជាក់ប្រាប់នគរវត្តកាលពីល្ងាចមិ្សលមិញនេះថា តារាចម្រៀងស្រី យ៉ុង ច័ន្ទសុធាវី បានធ្វើការរត់គេចខ្លួនពីផ្ទះស្នាក់នៅរបស់អ្នករៀបចំកម្មវិធីនារដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០១៦ម៉ោងនៅសហរដ្ឋអាមេរិក។ ការបាត់ខ្លួនដោយគ្មានដំណឹងនេះត្រូវបានអ្នករៀបចំកម្មវិធីចាត់ទុកថា គឺជាការគេចចេញពីការសម្តែង និងព្យាយាមលាក់ខ្លួនដើម្បីស្វែងរកការជ្រកកោណនៅសហរដ្ឋអាមេរិក។ ប្រភពដដែលលើកឡើងថាមុនពេលបាត់ខ្លួនយ៉ុង ច័ន្ទសុធាវីបានប្រាប់អ្នករៀបចំកម្មវិធីថា ដេកមិនលក់ហើយចង់ងើបហាត់ប្រាណរួចក៏បាត់ខ្លួន។ ការសន្និដ្ឋានថាជាការគេចខ្លួនគឺក្រោយពេលលេខទូរស័ព្ទទំនាក់ទំនងរបស់នាងត្រូវបានបិទ ដែលសូម្បីតែគណនីយហ្វេសប៊ុករបស់នាងក៏ត្រូវបាននាងបិទ(Block)ចោល។ ប្រភពបន្តថារហូតមកដល់ពេលនេះម្ចាស់រៀបចំកម្មវិធីបាននឹងកំពុងធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានទៅមន្ត្រីប៉ូលីសសហរដ្ឋអាមេរិកដើម្បីសហការស្វែងរក តារាចម្រៀងរូបនេះមកវិញ។

​តារាចម្រៀង និងសម្តែងរបាំប្រពៃណី កញ្ញា ស៊ូដាណេនិងជាមិត្តភ័ក្កិជិតដិតរបស់កញ្ញា យ៉ុង ច័ន្ទ សុធាវីបានបញ្ជាក់ថា នាងពិតជាទទួលដំណឹងពីអ្នករៀបចំកម្មវិធីនៅសហរដ្ឋអាមេរិកអំពីការបាត់ខ្លួនរបស់កញ្ញា យ៉ុង ច័ន្ទសុធាវីពិតមែន។ តារាចម្រៀងស្រីរូបនេះបញ្ជាក់ថា ការចេញទៅច្រៀងរាំនៅសហរដ្ឋអាមេរិកគឺនាងជាអ្នកជួយណែនាំឲ្យយ៉ុង ច័ន្ទសុធាវីបានស្គាល់ អ្នករៀបចំកម្មវិធីនៅទីនោះព្រោះតែនាងស្គាល់ពីអត្តចរិក និងទេពកោសល្យយ៉ុង ច័ន្ទសុធាវីបានច្រើន។ នាងបញ្ជាក់ថា ប្រសិនបើការបាត់ខ្លួនរបស់យ៉ុង ច័ន្ទសុធាវីគឺជាការរត់គេចខ្លួនពីការវិលមកកម្ពុជវិញពិតមែននោះគឺនាងពិតជាសោលស្តាយនឹងទង្វើនេះខណៈដែលវានឹងជះឥទ្ធិពលមិនល្អដល់សិល្បករខ្មែរដែលមានបំណងស្វែងរកការសម្តែងនៅក្រៅប្រទេស ហើយនាងក៏សោកស្តាយដែលណៃនាំមនុស្សខុសទៅដល់អ្នកផលិតកម្មវិធីផងដែរ។ នាងថាប្រសិនបើកំហុសនៃការរត់គេចមែននោះវានឹងក្លាយជាំរូអាក្រក់ដល់សិល្បករដទៃពិសេសការចុះឈ្មោះក្នុងបញ្ជីខ្មៅរបស់មន្ត្រីប៉ូលីសអាមេរិកផងដែរ។ នាងបញ្ជាក់ថា ការរត់គេចមិនវិលមកកម្ពុជាវិញនេះនឹងមិនអាចគេចផុតពីការតាមប្រម៉ាញ់របស់មន្ត្រីប៉ូលីសនោះឡើយហើយវាក៏នឹងបង្កការលំបាកដល់អ្នកដែលផ្តល់កន្លែងស្នាក់នៅសម្រាប់នាងដែរគឺការប្រឈមនឹងផ្លូវច្បាប់។

​លោក លីម ឆៀង ជាអ្នកធានាសិល្បករ និងជាអ្នកផលិតកម្មវិធីKhmer Entertainment of America នៅសហរដ្ឋអាមេរិក នៅមិនទាន់ស្វែងរកការបញ្ជាក់បាននៅឡើយទេជុំវិញការបាត់ខ្លួនរបស់កញ្ញា យ៉ុង ច័ន្ទសុធាវី។

​នៅកម្ពុជាវិញអ្នកនាង យ៉ុង ច័ន្ទកណ្ណិកាជាប្អូនស្រីបានបញ្ជាក់ប្រាប់នគរវត្តថា នាងក៏ទទួលបានដំណឹងអំពីការបាត់ខ្លួនរបស់បងស្រីនាងផងដែរតាមរយៈអ្នករៀបចំកម្មវិធីនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណានាងបញ្ជាក់ថា វាគឺជារឿងដែលមិនគួរឲ្យជឿ ហើយនាងនៅមិនទាន់មានការទំនាក់ទំនងណាមួយពីសំណាក់បងស្រីនាងមកកាន់គ្រួសារនៅឡើយដែលវាកាន់តែបង្កើនក្តីព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់បងស្រីកាន់តែខ្លាំង។អ្នកនាងបន្តថា អ្វីដែលនាងនិងក្រុមគ្រួសារធ្វើបាននៅពេលនេះគឺបានធ្វើការទំនាក់ទំនងទៅកាន់បណ្តាបងប្អូនមិត្តភ័ក្កិនៅសហរដ្ឋមេរិកជួយស្វែងរកនិងផ្តល់ដំណឹងមកកាន់ក្រុមគ្រួសារវិញ។

នាងបន្តថាកន្លងមកបងស្រីនាងមិនដែលផ្តល់ដំណឹងលម្អិតណាមួយជំវិញរឿងរ៉ាវផ្ទាល់ខ្លួនឬបំណងចេញទៅរស់នៅសហរដ្ឋអាមេរិកនោះទេ ហើយអ្វីដែលនាងខ្លាចនោះគឺសុវត្ថិភាពបងស្រីពិសេសគឺខ្លាចមានបញ្ហាជាមួយបុរសណាម្នាក់ដែលស្រលាញ់បងស្រីនាង។ ប៉ុន្តែប្រសិនបើជាចេតនាងរត់គេចខ្លួនមែននោះគឺជាកំហុសមួយកាន់តែធំសម្រាប់បងស្រីនាង ហើយក្នុងនាមនាងជាអ្នកសិល្បៈក៏មិនចង់លក់ឈ្មោះថារត់គេចខ្លួននេះដែរ។ នាងសង្ឃឹមថាស្ថានភាពនេះនឹងវិលមករកភាពល្អប្រសើរវិញនៅពេលដ៏ខ្លីខាងមុខ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print