ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកមុខកំពូល ធ្វើការឃាត់ខ្លួន ករណីហិង្សាដោយចេតនា បន្ទាប់ពីយុវជនរងគ្រោះយកកាំបិតប៉័ងតោ មកកាប់សំដៅលើជនសង្ស័យ តែត្រូវជនសង្ស័យចាប់ដៃជាប់ រួចក៏ដណ្ដើមឆក់យកកាំបិតពីដៃជនរងគ្រោះ កាប់ក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រោះខឹងយុវជនរូបនេះលែបខាយពាក្យសម្ដីជាមួយប្រពន្ធខ្លួន ។
ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាច ថ្ងៃ ពុធ ១៤ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះបាយឈ្មោះ ដេវ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម គៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ចុក(នៅលីវ) រីឯជនរងគ្រោះឈ្មោះ ស៊ុន វណ្ណៈ ភេទប្រុស អាយុ៤៧ មុខរបរធ្វើនំបញ្ចុក ។ ជនសង្ស័យ និងជនរងគ្រោះស្នាក់នៅផ្ទះឈ្មោះ ដេវ ស្ថិតនៅក្នុង ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាមយយក្នា។ ចំណែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន ១ដើម ។
ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះតែងតែនិយាយលែបខាងពាក្យសម្ដីទៅលើប្រពន្ធជនសង្ស័យ និងបបួលទៅហូបអីជាមួយគ្នានៅខាងក្រៅជាញយដង តែប្រពន្ធជនសង្ស័យមិនទៅទេ ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះឃើញប្រពន្ធជនសង្ស័យកំពុងលាងចាន ភ្លាមនោះក៏ដើរចូលទៅ ខណៈជនសង្ស័យឃើញក៏សួរថា ចូលមករកអី? ភ្លាមនោះជនរងគ្រោះថា មករកអីស៊ី ហើយក៏ដើរចេញទៅក្រៅវិញទៅ ។ បន្ទាប់មក ជនសង្ស័យបាននិយាយតែម្នាក់ឯងទៅកាន់ប្រពន្ធថា ម្ដងជាពីរដងហើយ ខ្ញុំមិនប្រកាន់ទេកុំផ្គើនដាក់ខ្ញុំពេក។ ពេលនោះស្រាប់តែជនរងគ្រោះបានស្រែកពីក្រោយខ្នងជនសង្ស័យថា” អ្ហែងកុំខ្លាំងពេក អ្ហែងចង់សាកអ្ហី ? ភ្លាមនោះជនរងគ្រោះក៏ស្ទុះទៅយកកាំបិតប៉័ងតោមកកាប់សំដៅលើជនសង្ស័យ តែត្រូវជនសង្ស័យចាប់ដៃជាប់ រួចក៏ដណ្ដើមឆក់យកកាំបិតពីដៃជនរងគ្រោះ កាប់ក្បាលជនរងគ្រោះវិញចំនួន២កាំបិត ចំក្បាលផ្នែកខាងមុខ១កាំបិត និងក្បាលផ្នែកខាងក្រោយចំនួន១កាំបិត បណ្ដាលឱ្យជនរងគ្រោះដួលលើដីរងរបួស ក៏មានអ្នកជិតខាងជួយនិងយកជនរងគ្រោះទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
សហការី