ផលិតករភាពយន្តរឿង”ដើម្បីកូន”ថានឹងកាត់ប្រាក់ចំណេញ១០ភាគរយជួយគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបង្ហាញវត្តមានប្រគល់ថវិកាប្រមាណ៤លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផានោះ ផលិតករភាពយន្តអប់រំមនោសញ្ចេតនាស៊ីជម្រៅ រឿង”ដើម្បីកូន” គឺលោក ហ៊ុយ យ៉ាឡេង បាន ប្រកាសថានឹងកាត់ប្រាក់ចំណេញមួយផ្នែកពីការចាក់បញ្ជាំងភាពយន្តជីវិតនេះ ជួយដល់កុមារ ដើម្បីជាកិច្ចតបស្នងទៅសង្គមវិញ។
ថ្មីៗនេះភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង”ដើម្បីកូន” របស់ផលិតកម្ម កថាជ័យបានបញ្ចេញឈុតឆាកខ្លី(Trailer) កាលពីថ្មីៗនេះទទួលបានកោតសរសើរខ្លាំងពីទស្សនិកជន។ ភាពយន្តនេះគ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។លោក ហ៊ុយ យ៉ាឡេង ចាងហ្វាយផលិតកម្មកថាជ័យ បានលើកឡើងថាទឹកប្រាក់៤លានរៀលនេះគឺគ្រាន់តែជាការរួមចំណែកដំបូងរបស់ខ្លួនតែប៉ុណ្ណោះ និងគ្រោងបរិច្ចាកប្រាក់ចំណេញ១០ភាគរយទៀតក្រោយបញ្ចាំងភាពយន្តមួយនេះចប់សប់គ្រប់។ លោកថាកន្លងលោកបានចំណាយពេលវេលានឹងវិស័យភាពយន្តប្រមាណ២ទសវត្សរ៍មកហើយ ផលិតករលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តផលិតភាពយន្តជីវិតខ្នាតធំរឿង”ដើម្បីកូន”ដើម្បីជាការរួមចំណែកជួយសង្គម ពិសេសកុមារកម្ពុជា។ លោកថានេះគឺកិច្ចតបស្នងសង្គមដែលលោកអាចធ្វើបាន និងមិនមែនមានន័យថាគ្រាន់តែជាការអួត ឬផ្សព្វផ្សាយដើម្បីឱ្យទស្សនិកជនចូលទស្សនាភាពយន្តមួយនេះនោះទេ។ លោកថាលោកមានគម្រោងនេះយូរមកហើយគ្រាន់តែមិនទាន់ដល់ពេលទើបតែពេលនេះប៉ុណ្ណោះដែលលោកសម្រេចចិត្តធ្វើ។ ផលិតកររូបនលើកឡើងថា ភាពយន្តរឿង”ដើម្បីកូន” ជារឿងថ្មីបំផុតមួយរបស់ខ្លួន មិនធ្លាប់ផលិតពី មុន មក ព្រោះតែស្នាដៃនេះ គឺជារឿងពិតនៅក្នុងសង្គម ដែលនិយាយពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ឪពុកដើម្បីកូន។ ក្នុងនេះដែរក្រៅតែពីសាច់រឿងបែបអប់រំ និងកម្សត់ ស្នាដៃនេះគឺផលិតឡើងដោយយកគុណភាពជាចម្បង ដោយមិនចាញ់ស្នាដៃមុនៗឡើង។ លោកថាស្នាដៃនេះត្រូវបានសម្រិតសម្រាំងខ្លាំងទាំងបច្ចេកទេសនិងសាច់រឿងបន្ទាប់ពីស្នាដៃរឿង”ធ្មប់” និងរឿងកន្លងមករបស់លោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
លោកថាបើទោះមិនមែនជាស្នាដៃបែបជារឿងខ្មោច កំប្លែងដូចមុនដែលជាការពេញនិយមរបស់ទស្សនិកជនខ្មែរនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែផលិតករ និងជាតួអង្គក្នុងរឿង”ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងទទួលការគាំទ្រពីទស្សនិកជន មិនចាញ់ស្នាដៃមុនៗនេះ។ ជាងនេះទៀតសោធន៍លោកជឿជាក់ថារឿងនេះនឹងអាចកែប្រែអារម្មណ៍ទស្សនិកជនពីការចូលចិត្តទស្សនារឿងបែបកំប្លែង និងខ្មោច ងាកមកចាប់អារម្មណ៍រឿងបែបអប់រំវិញម្ដង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print