ប្រធានពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីប្រទេសវៀតណាមយ៉ាងសម្រុក

ចែករំលែក៖

ខេត្តតាកែវ៖ បើទោះជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មិនអនុញ្ញាតអោយមានការនាំចូលសត្វជ្រូកពីវៀតណាមក៏ដោយ ក៏សកម្មភាពល្មើសច្បាប់បន្តកើតមាននៅខេត្តតាកែវ។ ដោយប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ បានឲ្យដឹងថា៖ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញមានឈ្មួញនាំចូលជ្រូកពីវៀតណាម តាមច្រកព្រំដែន និងច្រករបៀងជាច្រើនកន្លែងក្នុងខេត្តតាកែវ ក្នុងនោះមួយថ្ងៃៗ នាំជ្រូកចូលរាប់ពាន់ក្បាល សង្ស័យមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ ជុំវិញបញ្ហានេះ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ មួយចំនួនបានលួចបង្ហើបឲ្យដឹងថា៖ ក្នុងអំពើបំពានច្បាប់នេះ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ថៃ លី ប្រធានការិយាល័យពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ទេនោះគឺ គ្មានឈ្មួញណាអាចនាំចូលជ្រូកពីវៀតណាមបានឡើយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា៖ ករណីឈ្មួញនាំចូលជ្រូកពីវៀតណាម តាមច្រកព្រំដែន និងច្រករបៀងជាច្រើនកន្លែងក្នុងខេត្តតាកែវ យ៉ាងពេញបន្ទុក គឺមន្ត្រីពេទ្យសត្វខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោក ថៃ លី មិនបានត្រួតពិនិត្យសុខភាពជ្រូកឲ្យបានត្រឹមត្រូវមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលនោះទេ។ ផ្ទុយទៅវិញឲ្យតែឈ្មួញបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ថៃ លី និងបង់លុយតាមការកំណត់របស់សមត្ថកិច្ចតាមច្រកព្រំដែន ច្រករបៀង គឺអាចនាំចូលជ្រូកពីវៀតណាម យ៉ាងរលូនតែម្តង។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ សម្ងំស្ងាត់ឈឹងទុកឲ្យលោក ថៃ លី និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។
ប្រជានពលរដ្ឋរស់នៅតាមព្រំដែនខ្មែរ-វៀតណាមក្នុងស្រុកគិរីវង់ និងស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថា ៖ រយៈពេលប្រមាណមួយសប្ដាហ៍កន្លងមកហើយដែលឈ្មួញទាំងខ្មែរទាំង វៀតណាមបាននាំចូលជ្រូកតាមច្រកព្រំដែនក៏ដូចជាច្រករបៀងក្នុងស្រុកគិរីវង់ និងស្រុកបុរីជលសា យ៉ាងពេញបន្ទុក។ បើតាមការបង្ហើបពីក្រុមឈ្មួញទាំងខ្មែរទាំងវៀតណាម បានឲ្យដឹងថា៖ ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោក ថៃ លី ក៏ដូចជាបង់លុយតាមការកំណត់ឲ្យសមត្ថកិច្ចនៅច្រកព្រំដែននិងច្រករបៀង ទើបអាចចៀសផុតពីការបង្រ្កាប។ ប្រភពស្និទ្ធនឹងលោក ថៃ លី ប្រធានពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា៖ លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ជាអ្នកសម្រួលឲ្យលោក ថៃ លី និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ លើសនេះទៅទៀតលោក ថៃ លី អាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្មផងដែរ ទើបហ៊ានផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម ហើយឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកតាមច្រកព្រំដែននិងច្រករបៀង ក្នុងខេត្តតាកែវ យ៉ាងគឃ្លើនយ៉ាងនេះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print