នាយឧត្តម​សេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបពិភាក្សាការងារជាមួយ នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា៖ នាថ្ងៃ​ទី១៤ ខែមករា ឆ្នាំ​២០២០ នាយឧត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា នៅឯទីក្រុងណៃពិដោរ។ ក្នុងកិច្ចជំនួបនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing។ នាយឧត្តម​សេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍​ថា ឆ្នាំ​២០២០នេះ គឺជាខួបលើកទី៦៥នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-មីយ៉ាន់ម៉ា។ ដោយយោងតាមគោលបំណងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចង់ឱ្យមានការរៀបចំប្រារព្ធពិធីរំលឹកខួបលើកទី៦៥នេះ ឱ្យបានពិសេស ហេតុ​ដូច្នេះ​ហើយ ដើម្បីជាសក្ខីភាពក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំងពីរ ឯកឧត្តម​ក៏បានដឹកនាំប្រតិភូមកទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា នាពេលនេះ។ ឯកឧត្តម បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម​មានគោលបំណងចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដោយក្នុងនោះ ឯកឧត្តម វង្ស ពិសេន ស្នើឱ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាលើការផ្លាស់ប្តូរព័ត៌មានការងារសន្តិសុខ ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ និងបន្តបន្ថែមការបណ្តុះបណ្តាលធនធានមនុស្ស។

ជាកិច្ចឆ្លើយតប នាយឧត្តម​សេនីយ៍​ផុតលេខ Min Aung Hlaing បានមានប្រសាសន៍​ថា នេះជាប្រវត្តិសាស្ត្រក្នុងរយៈកាល៦៥ឆ្នាំនេះ ដែលនេះជាលើកទីមួយ អគ្គមេបញ្ជាការ​នៃកងយោធពលខេមរភូមិន្ទ មកទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ា។ ឯកឧត្តម បន្តទៀតថា ឯកឧត្តម​ឯកភាពនូវអ្វីដែលឯកឧត្តម នាយឧត្តម​សេនីយ៍ វង្ស ពិសេន បានលើកឡើងលើកិច្ចសហប្រតិបត្តិការនៃកងទ័ពទាំងពីរ។

នាថ្ងៃ​ជាមួយគ្នានោះដែរ ឯកឧត្ដម នាយឧត្តម​សេនីយ៍ វង្ស ពិសេន ក៏បានបន្តចូលជួបសម្តែងការគួរសមចំពោះលោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសមីយ៉ាន់ម៉ា។ ជាបឋម ឯកឧត្ដម វង្ស ពិសេន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាចំពោះលោកស្រី អោង សាន ស៊ូជី​។ ឯកឧត្ដម បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមគោលគំនិតរបស់សម្តេចតេជោ ហ៊ុន សែន អំពីខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-មីយ៉ាន់ម៉ា ឯកឧត្ដម ក៏បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺទស្សនកិច្ចផ្លូវការរវាងអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការ កងកម្លាំងការពារជាតិមីយ៉ាន់ម៉ា ដើម្បី​ជាសក្ខីភាព​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្ដម ក៏បានសំណូមពរលោកស្រី អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ឆ្នាំ​២០២០នេះ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចឆ្លើយតប លោកស្រី បានយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print