នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូអគ្គបញ្ជាការ ជូនពរឆ្នាំថ្មីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជិតឈានមកដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូទៅជូនពរឆ្នាំថ្មី ជូនចំពោះ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលក្នុងរយៈពេលមួយឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំលើកកម្ពស់ឈានដល់កម្រិតកំពូល។ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលកន្លងមកបានជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ ធ្វើឲ្យកងទ័ពកម្ពុជាមានការវិវត្តន៏រីកចម្រើនជាបន្តបន្ទាប់។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងនូវការជូនពរដល់ លោក ឯកអគ្គរដ្ឋទូតចិន និងក្រុមគ្រួសារ ព្រមទាំងសហការី សូមជួបតែភាពសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងសូមឲ្យមានសុខភាពល្អ មានសុភមង្គល ជាពិសេស សូមឲ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរស្ថិតស្ថេរជាអមតៈ ។

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ។ លោក បានរម្លឹកឡើងវិញ ពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែមេសា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៏ដ៏សំខាន់នៃកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធដល់វិស័យយោធារវាងប្រទេសទាំងពីរ លោកអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនងនាពេលកន្លងមក ហើយឯកឧត្តម បានប្រសិទ្ធពរសូមឲ្យចំណងសាមគ្គីភាព មិត្តភាពដែលមានស្រាប់ កាន់តែត្រូវបានពង្រឹងពង្រីកទ្វេរដងថែមទៀត សមស្របនឹងស្ថានការណ៏ដែលកំពុងឈានដល់ការរីកចម្រើនក្នុងដំណាក់កាលថ្មី៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print