ហ៊ុយ យ៉ាឡេង ប្រកាសលក់ស៊ីក្លូវ័យ៨០ឆ្នាំ១លានដុល្លារយកលុយទាំងអស់ជូនពេទ្យ គន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ជារឿងចម្លែកលើកដំបូងដែលផលិតករភាពយន្តរឿង”ដើម្បីកូន” បានប្រកាសលក់ស៊ីក្លូមានអាយុកាល៨០ ឆ្នាំ១គ្រឿង ក្នុងតម្លៃ១លានដុល្លារអាមេរិក។ ប្រាក់ដែលទទួលបានពីការលក់នេះនឹងបរិច្ចាកទាំងអស់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ 

ក្រោយពីប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀលជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា កាលពីពេលកន្លងទៅ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីក្រោយពីលោកបានប្រកាសដាក់លក់ស៊ីក្លូចំណាស់មួយមានវ័យ៨០ឆ្នាំ ក្នុងតម្លៃ១លានដុល្លារអាមេរិក។ ការប្រកាសនេះត្រូវបានធ្វើឡើងផងដែរក្រោយពីផលិតករនេះបានទិញស៊ីក្លូចំណាស់នេះយកមកជួសជុល និងថតភាពយន្តខ្នាតធំរឿង”ដើម្បីកូន”ចប់សប់គ្រប់មុនពេលចាក់បញ្ចាំងនៅចុងខែមករានេះ។ លោកបញ្ជាក់ថា ស៊ីក្លូនេះលោកបានទិញពីសមាគមស៊ីក្លូក្នុងតម្លៃ៥០០ដុល្លារអាមេរិកធ្វើការជួសជុលអស់ថវិកាប្រមាណ១ពាន់ដុល្លារអាមេរិក ដើម្បីយកមកថតភាពយន្តមួយដែលដកស្រង់ពីជីវិតពិតរបស់បុរសពោះម៉ាយពិកាជើង មានកូនពីរនាក់រស់នៅរបងវត្ត និងតស៊ូធាក់ស៊ីក្លូចិញ្ចឹមកូន និងជួបរឿងរ៉ាវជីវិតកម្សត់ជាច្រើន។ លោកថាក្រោយពីទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីពេលកន្លងទៅលោកចាប់ផ្តើមនឹកគិតរកវិធីអ្វីដើម្បីជួយដល់មន្ទីរពេទ្យនេះ ប៉ុន្តែលោកថាក្នុងមួយជីវិតនេះលោកមិនសង្ឃឹមថានឹងមានលុយ១លានដុល្លារទើបលោកសម្រេចចិត្តធ្វើរឿងមួយនេះឡើង។ លោកបន្តថាការប្រកាសលក់ស៊ីក្លូក្នុងតម្លៃនេះអាចនឹងមានចម្លែកសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់ប្រទេសជឿនលឿនអាចនឹងមិនចម្លៃក។ ទោះជាយ៉ាងណាលោកមិនសំដៅទៅលើការលក់ឲ្យបុគ្គលណាម្នាក់ទេសំខាន់ពួកគាត់មានទឹកចិត្តជួយដល់មន្ទីរពេទ្យដែលកំពុងព្យាបាលជំងឺកុមារកម្ពុជាក្នុង១ថ្ងៃប្រមាណ១ពាន់នាក់ និងប្រើប្រាស់ថវិកាប្រមាណ១១ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ លោកសន្យាថាលោកនឹងអរគុសប្បុរសជនដែលទិញស៊ីក្លូចំណាស់នេះ អស់មួយជីវិត នៅរាល់ស្នាដៃដែលលោកផលិត រួមទាំងរៀបចំកម្មវិធីដង្ហែរជូនដល់គេហដ្ឋានតែម្តង។ 

លោកថាការប្រកាសនេះក៏ជាការបំផុសគំនិតឲ្យមានការជួយដល់មន្ទីរពេទ្យមួយនេះ។ លោកលើកឡើងដែរថា នៅកម្ពុជាមានសប្បុរសជនជាច្រើនដែលមានលទ្ធភាពដែលអ្នកខ្លះមានថវិការហូតដល់៥០០លានដុល្លារអាមេរិកដល់១ពាន់លានដុល្លារអាមេរិកហើយបើទោះបីជាមិនមានសប្បុរសជនណាទិញវានៅពេលនេះក្តីក៏លោកនៅតែបន្តប្រកាសលក់ជារៀងរហូត។ 

គួរបញ្ជាក់ដែរថា ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿងដើម្បីកូនរបស់ផលិតកម្ម កថាជ័យគ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។ ផលិតករភាពយន្តនេះគ្រោងនឹងកាត់ប្រាក់ចំណេញពីការចាក់បញ្ចាំងភាពយន្តនេះចំនួន១០ភាគរយដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print