កងទ័ពកម្ពុជា សឹង្ហបុរី បង្ហាញពីជំហររក្សាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យឧត្ដមសេនីយ៍ទោ ហ្គូ ស៊ីហ៊ូ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបូរី និង គណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងកិច្ចជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី បានសម្តែងនូវគារវកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានរំឭកឡើងវិញ ពីកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានាពេលកន្លងមកនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងសឹង្ហបុរី។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីសម័យអតីតកាលដែលកម្ពុជាជួបប្រទះនូវភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ បានបង្កមហន្តរាយស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាពិសេសការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពពេញលិញ និងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកលើវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ បាននិងកំពុងមានការវិវត្តន៍គួរឲ្យកត់សម្គាល់ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ ក៏ដូចជាការធ្វើសមាហរណកម្មនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងមកដល់បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសមួយដែលបានបញ្ជូនកម្លាំង និងក្រុមជំនាញជាច្រើនចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសឹង្ហបុរី ដែលកន្លងមកបានជួយដល់កងទ័ពកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយដោះស្រាយមធ្យោបាយមួយចំនួនទៀត។

ជាកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ទោ ហ្គូ សុីហ៊ូ បានថ្លែងអំណរគុណដល់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានចែករំលែកនូវចំណេះដឹងពីស្ថានការណ៍វិវត្តន៍នានាឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍ បានចាត់ទុកថាសន្តិភាពពិតជាមានតម្លៃ និងបានមកដោយលំបាកដែលក្នុងនាមជាកងទ័ពមានកាតព្វកិច្ចសំខាន់រួមគ្នាថែរក្សា។ ដោយឡែកលើទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ បានបង្ហាញនូវការជឿជាក់ថា នឹងមានទំនាក់ទំនងល្អ និងមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តសហការជាមួយគ្នា ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print