ខេត្តកំពង់ចាម ៖ លោកគ្រូ អ៊ូ ជាលី បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងនាយនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាមចំនួន៤នាក់រួមមាន ៖ ១- លោកឧត្ដមសេនីយ៍ត្រី សោម រស់ ស្នងការរងនគរបាលខេត្តកំពង់ចាម ២- លោកវរៈសេនីយ៍ឯក សែម សាន ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ៣- លោកវរៈសេនីយ៍ទោ ថុង ភូរីវុធ អធិការស្ដីទី ស្រុកកងមាស និង ទី៤- លោកវរៈសេនីយ៍ទោ ម៉ុក បាវី អធិការរង នៃ អធិការដ្ឋាននគរបាលស្រុកកងមាស ទៅកាន់អគ្គស្នងការនគរបាលជាតិ និង ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីរកភាពយុត្តិធម៌សម្រាប់ខ្លួន និងសង្គមជាតិ ។
លោក អ៊ូ ជាលី គ្រូបង្រៀនផ្នែកគីមីវិទ្យា នៅ សាលាឥន្ទ្រទេវី បានអោយដឹងថា ពាក្យបណ្តឹងរបស់លោកបាន ដាក់នៅព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០២០នេះ ប្តឹងមន្ត្រីនគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ដែលបានចាប់វៃខ្នោះលោក ក្រោមបទសង្ស័យថា លោកបានបេីកឡានបុកមនុស្សស្លាប់ កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេង ភូមិ អង្គរបាន៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានតែរូប វីដេអូមួយប៉ុណ្ណោះដែលវីដេអូននោះមិនបានបង្ហាញស្លាកលេខរថយន្ដរបស់លោកផង ។
សាក្សីជាច្រេីនមកធ្វេីការបំភ្លឺដោយបញ្ជាក់ថា លោក អ៊ូ ជាលី មិនបានបេីករថយន្តបុកមនុស្សស្លាប់ទេ ។ ជាពិសេសមានចំណុចសំខាន់ៗជាច្រេីនដែលបង្ហាញថា រថយន្តលោកគ្រូ អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរដោយហេតុថា រថយន្តគ្មានស្លាកស្នាម អ្វីទាំងអស់ ហេីយទីកន្លែងឃាត់ខ្លួនលោក អ៊ូ ជាលី និង ទី កន្លែងកេីតហេតុគ្រោះថ្នាក់ចរាចរណ៍ មានចម្ងាយពីគ្នាជាង២០ គីឡូម៉ែត្រ ។ ពេលវេលាកេីតហេតុ ម៉ោង ១៩:៤១ នាទី និង ពេលវេលាចាប់ខ្លួនលោកអ៊ូ ជាលី ម៉ោង ១៩:៤២ នាទី ។ ដូច្នេះរយៈពេល ១ នាទី រថយន្ដ លោកអ៊ូ ជាលី មិនអាចបេីកគេចចេញពីកន្លែងកេីតហេតុរហូតដល់ជាង២០គីឡូម៉ែត្រ នោះទេ ។
លេីសពីនេះទៅទៀត នគរបាល បច្ចេកទេស វិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ បានធ្វើកោសល្យវិច្ច័យ រកឃើញថា រថយន្ដរបស់លោក អ៊ូ ជាលី គ្មានស្លាកស្នាម និង មិនពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅ ភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម ទេ ។ ចំណែក នគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ក៏បានចុះស្រាវជ្រាវឃេីញថា ពេលវេលាកេីតហេតុ និង ទីកន្លែងឃាត់ខ្លួន មិនស៊ីគ្នាទេ ។
ទោះបីជាមានការបំភ្លឺ និង មានសាក្សីជាច្រេីនអះអាងថា លោកគ្រូ អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរក៏ដោយ ក៏នគរបាលស្រុកកងមាស ដែលមានឈ្មោះ លោកវរៈសេនីយ៍ទោ ថុង ភូរីវុធ អធិការស្ដីទី និងលោកវរៈសេនីយ៍ទោ ម៉ុក បាវី អធិការរង និង លោកវរៈសេនីយ៍ឯក សែម សាន ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម និង លោកឧត្ដមសេនីយ៍ត្រី សោម រស់ ស្នងការរង នគរបាលខេត្តកំពង់ចាម ឃុបឃិតគ្នា ធ្វើរបាយការណ៍ចោទប្រកាន់ លោក អ៊ូ ជាលី ទាំងបំពានតែម្ដង ។
លោកអ៊ូ ជាលី បានចំណាយលុយអស់ចំនួន១០.០០០ដុល្លារយកទៅតំកល់នៅតុលាការតាមផ្លូវច្បាប់ដេីម្បីបានការធានានៅក្រៅឃុំ ។ ចំណែករថយន្តរបស់លោក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកងមាសឃាត់ទុករហូតមកដល់បច្ចុប្បន្ន ។
នៅឯតុលាការឯណោះវិញ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចោទប្រកាន់ លោក អ៊ូ ជាលី តាមការសន្និដ្ឋានរបស់ នគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម ដដែល ដោយគ្មានស្វែងរកភស្តុតាងអ្វីបន្ថែមក្រៅតែពី វីដេអូ ដែលគ្មានរូបភាពច្បាស់លាស់នោះទេ ។
ដោយរងនូវអំពេីអយុត្តិធម៌ស្រស់ៗបែបនេះ លោក អ៊ូ ជាលី បានសម្រេចដាក់ពាក្យប្ដឹងតតាំងទៅស្ថាប័នពាក់ព័ន្ធដេីម្បីស្វែងរកយុត្តិធម៌ជូនរូបលោក ។
បន្ទាប់ពីផ្ទុះរឿងនេះឡេីង រហូតមកដល់ថ្ងៃនេះ ខាងនគរបាលស្រុកកងមាស និង នគរបាលខេត្តកំពង់ចាម រួមទាំង សាលាដំបូងខេត្តកំពង់ចាម មិនទាន់ចេញសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងការអះអាងរបស់លោក អ៊ូ ជាលី ទេ ៕ ដោយ ៖ វណ្ណៈ