ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់សិស្សានុសិស្សប្រមាណ១០នាក់នៅវិទ្យាល័យហ៊ុនសែនប្រសូតិ និងអនុវិទ្យាល័យខ្ជាយបានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាបដោយមិនដឹងមូលហេតុ។
ហេតុការណ៏ដួលសន្លប់នេះបានកើតឡើងនៅវិទ្យាល័យហ៊ុនសែនប្រសូតិវេលាម៉ោងប្រមាណ១០ព្រឹកចំណែកអនុវិទ្យាល័យខ្ជាយនៅវេលាម៉ោង៣រសៀលថ្ងៃទី២០ខែមករាឆ្នាំ២០១០ស្ថិតនៅក្នុងឃុំប្រសូតិ និងឃុំខ្ជាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមលោកសរសុខចំរើនប្រធានមន្ទីពេទ្យបង្អែកស្រុកស្វាយទាបបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០១០នេះថាសិស្សានុសិស្សដែលដួលសន្លប់មានចំនួន១០នាក់អនុវិទ្យាល័យខ្ជាយមាន៦នាក់និងវិទ្យាល័យហ៊ុនសែនប្រសូតិមាន ៤នាក់។
រហូតមកដល់ពេលនេះគឺមានអាការះបានធូរស្រាលខ្លះហើយខណះកំពុងសម្រាកក្នុងមន្ទីពេទ្យបង្អែកស្រុកនៅឡើយដោយរូបលោកនិងមន្ត្រីមន្ទីសុខាភិបាលមន្ត្រីមន្ទីអប់រំនិងអ្នកពាក់ពន្ធ័កពុងចុះពិនិត្យរកមូលហេតុអោយពិតប្រាកដក្នុងការដួលសន្លប់ជាបន្តបន្ទាប់បែបនេះ។
បើតាមក្មេងស្រីជាសិស្សសាលាដែលកំពុងសម្រាកព្យបាលថាមុនដំបូងកំពុងអង្គុយរៀនស្រាប់តែមានអាការះវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងអស់កំលាំង និងស្រែកហៅមិត្តភក្រ័្តរៀនជាមួយគ្នានិងអ្នកគ្រូជួយអន្តរាគមន៏ដឹកមកកាន់មន្ទីពេទ្យតែម្ដង។
សូមបញ្ជាក់ថាបន្ទាប់ពីទទួលដំណឹងថាមានសិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រសូតិ និងសិស្សានុសិស្សមកពីអនុវិទ្យាល័យខ្ជាយ បានដួលសន្លប់ជាបន្តបន្ទាប់លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ និងសួរសុខទុក្ខសិស្សានុសិស្សចំនួន ១០នាក់ ដែលវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម សន្លប់ និងអស់កំលាំង ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយទាប យ៉ាងយកចិត្តទុកដាក់ ៕