ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ Goh Si Hou មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសសឹង្ហបុរី។
ក្នុងជំនួបនោះលោក Goh Si Hou បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅពេលនេះ លោកមានអារម្មណ៍ថាកម្ពុជាមានសុខសន្តិភាពហើយមានការអភិវឌ្ឍហើយការអភិវឌ្ឍន៍នោះសោត គឺជាការអភិវឌ្ឍន៍រយៈពេល២០ឆ្នាំជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ លោកមានប្រសាសន៍ថា សន្តិភាពដែលទទួលបានមកនេះគឺបានដោយពិបាកហើយសន្តិភាពនេះស្ថិតនៅជាកត្តាដ៏សំខាន់របស់កម្ពុជាសម្រាប់រយៈពេលវែងថែមទៀត។
លោកបានបង្ហាញនូវក្តីរីករាយរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត ផងដែរ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកមានប្រសាសន៍បន្តទៀតថា លោក រួមជាមួយនឹងលោក ហ៊ុន ម៉ាណែត នឹងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ រួមទាំងផលប្រយោជន៍អាស៊ានផងដែរ។ ជាមួយគ្នានេះផងដែរ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា កងទ័ពទាំងពីរកន្លងមកមានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អហើយ ឯកឧត្តម និងឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តនូវទំនៀមទម្លាប់កិច្ចសហប្រតិបត្តិការល្អនេះជាបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍ និងកិច្ចពិភាក្សារវាងលោកនិង លោក ហ៊ុន ម៉ាណែត ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា ជាការពិតណាស់កងទ័ពទាំងពីរចាំបាច់ត្រូវចែករំលែកបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ក៏ដូចជាការហ្វឹកហាត់រួមគ្នាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា នៅពេលនេះពិភពលោកមានការរត់ប្រណាំងសព្វាវុធកាន់តែខ្លាំងឡើង បើប្រៀបធៀបទៅនឹងជំនាន់សង្គ្រាមត្រជាក់ ក្នុងន័យនេះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរពិតជាមានសារៈសំខាន់។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្ត Goh Si Hou អំពីនយោបាយរបស់កម្ពុជាគឺប្រជាពលរដ្ឋគឺជាខឿនការពារជាតិកម្ពុជា កងទ័ពមានតួនាទីសំខាន់ក្នុងការការពារជាតិ ក៏ប៉ុន្តែក្រៅពីនេះកងទ័ពកម្ពុជា ក៏មានតួនាទីចូលរួមក្នុងការជួយបង្កបង្កើនផល ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះអន្តរាយ និងចូលរួមការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ទៀតថា សម្ដេចពុំមានការជឿជាក់ថាការប្រើកម្លាំងក្នុងការដោះស្រាយបញ្ហានោះបានទេ ផ្ទុយទៅវិញការចរចា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេ ដែលដោះស្រាយរាល់បញ្ហាទាំងឡាយបាន។ ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្ពុជាកំពុងតែប្រឹងប្រែងធ្វើយ៉ាងណាកែប្រែព្រំប្រទល់កម្ពុជាជាមួយនឹងប្រទេសជិតខាងអាចក្លាយជាព្រំប្រទល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើសពីនោះទៅទៀតគឺការកែប្រែតំបន់ដែលធ្លាប់ជាអតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ៕
ដោយ៖ សុខ ខេមរា