ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងស្ថិតក្នុងផ្លូវ ឌឿង ហែមជាប់ហាងកាហ្វេ ឱរាកាហ្វេ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងបើកលេងដំណើរការទាំងយប់ថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ច ។
គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើ កំពុងរងចាំមើល ចំណាត់ការរបស់លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ តេីនឹងមានវិធានការច្បាប់ចំពោះបន ល្បែងស៊ីសងដុះស្លែមួយនេះបែបណា?
ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបែបនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕
ស រស្មី