ខេត្តសៀមរាប ៖ ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើបណ្តាលអោយខូចខាតព្រៃ ឈើ សរុបទាំងអស់ប្រហែល៤០ហិកតា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ថ្ងៃទី២១ខែមករា ឆ្នាំ ២០២០ រហូតដល់ ម៉ោង១០ យប់ថ្ងៃដដែល ស្ថិត ក្នុងភូមិត្រពាំងថ្ម ឃុំ ឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រីបានអោយដឹងថា ករណីភ្លើង ឆេះ ព្រៃនៅតំបន់ព្រៃពូជកូនឈើបណ្តាលឲ្យខូចខាតព្រៃឈើសរុបទាំងអស់ ប្រហែល ៤០ ហិកតា ប៉ុន្តែព្រៃនោះពុំទាន់មានដាំពូជឈើល្អនៅឡើយ។ ក្រោយពេល ឆេះ ភ្លាមៗ សមត្ថកិច្ចបានធ្វើការគ្រប់គ្រងបានដោយរដ្ឋបាលព្រៃឈើប្រើប្រាស់ ត្រាក់ទ័រ ចំនួន ០២ គ្រឿង ភ្ជួរ កាត់បានមុនធ្វើអោយអាចទប់ស្កាត់ការឆេះរាលដាលបាន ដោយពុំបានប្រើប្រាស់ឡានទឹក ឡើយ ហើយព្រៃនោះកាលពីឆ្នាំមុនក៏ធ្លាប់ឆេះដែរ។
លោកនាយសង្កាត់រដ្នបាលព្រៃឈើកន្ទួតខ្នាក្រៅបានអោយដឹងថាការឆេះចំការព្រៃពូជនេះ អស់ជិត៤០ហិកតា ដោយសារមានគេលួចដុត មិនមែនភ្លើងឆេះឯងៗនោះទេ តែមកដល់ពេលនេះយើងនៅមិនទាន់អាចសន្និដ្ឋានថា អ្នកណាជាអ្នក លួច ដុតនោះទេ ៕ ប៊ុនរិទ្ធី