វិភាគព័ត៍មានអន្តរជាតិ៖ ពិភពលោកបារម្ភពីជំងឺចម្លែក វាយលុកសាជាថ្មី គំរាមកំហែងដល់សុខភាពមនុស្សជាតិ

ចែករំលែក៖

មកទល់ពេលនេះ ជំងឺចម្លែកបានសម្លាប់មនុស្ស ០៩នាក់ និងជាង ៤៤០នាក់ ឆ្លងនៅក្នុងប្រទេសចិន ។ នៅពេលនេះ វីរុសអាថ៌កំបាំងថ្មី ដែលកើតឡើងនៅក្នុងប្រទេសចិន បានរាលដាលដល់អាមេរិក ហើយ ក្រោយបុរសម្នាក់វិលត្រឡប់មកពីប្រទេសចិនទៅកាន់អាមេរិក បានក្លាយជាមនុស្សដំបូងគេ នៅក្នុងទឹកដីអាមេរិក ត្រូវបានធ្វើរោគវិនិច្ឆ័យ រកវីរុសអាថ៌កំបាំងថ្មី ។
ទាំងនោះហើយបានធ្វើឲ្យ ពលរដ្ឋអាមេរិកបារម្ភ ចំណែករដ្ឋាភិបាល ក៏បានបង្កើនការត្រួតពិនិត្យ តាមអាកាសយានដ្ឋាន ។ ជនជាតិអាមេរិកម្នាក់ ក្នុងវ័យប្រហែល ៣០ឆ្នាំ ស្ថានភាពសុខភាពល្អប្រសើរ នោះ ទេ ខណៈទៅធ្វើរោគវិនិច្ឆ័យ នៅ មន្ទីរពេទ្យ ស៊ីថុល (Seattle) ក្រោយ វិលត្រឡប់ពីធ្វើដំណើរ កាលពីសប្តាហ៍មុន ។ នេះបើតាម អាជ្ញាធរសុខាភិបាលអាមេរិក បញ្ជាក់ប្រាប់ប្រភព Sky news ផ្សាយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
ប្រភពបានបញ្ជាក់ថា៖ បុរសរូបនោះមិនឃើញមានរោគសញ្ញា អ្វីទេ នៅពេល បានវិលត្រឡប់ មកដល់ទឹកដីអាមេរិក នៅថ្ងៃពុធ (១៥ មករា)។ ប៉ុន្តែ គាត់បានទៅជួបលោកវេជ្ជបណ្ឌិត នៅថ្ងៃទី១៩ ខែមករា ពេលដែលរូបគាត់ធ្លាក់ក្នុងសភាពមិនប្រក្រតីផ្នែកសុខភាព ។ ករណីបុរសអាមេរិកម្នាក់នេះ មិនត្រូវបានចាត់ទុក ជាការគំរាមកំហែង ដល់សាធារណជន ឬបុគ្គលិក សុខាភិបាលអ្វីឡើយ ។
គួរបញ្ជាក់ថា៖ មនុស្ស៦នាក់រួចមកហើយបានស្លាប់ ដោយសារជំងឺ អាថ៌កំបាំង ប្រភពដើម ពីទីក្រុង វូហាន (Wuhan) ខេត្ត ហូប៊ី (Hubei) ភាគកណ្តាលប្រទេសចិន ។ អ្នកជំងឺ ភាគច្រើនអាយុខ្ទង់ ៦០ឆ្នាំ ឬលើសពីនេះ ។ អ្នកជំងឺខ្លះ ធ្លាប់មានបញ្ហាសុខភាព ពីមុនមក។
លោកវេជ្ជបណ្ឌិត Nancy Messonnier អ្នកជំនាញជំងឺផ្លូវដង្ហើមនៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC)សហរដ្ឋអាមេរិក មានប្រសាសន៍ថា“ យើងប្រហែលថា នឹងមានករណីនេះបន្ថែមទៀត នៅសហរដ្ឋអាមេរិក និងនៅទូទាំងពិភពលោកផងដែរ” ។
មនុស្សប្រហែល ៣០០នាក់ បានឆ្លងជំងឺរហូតមកដល់ពេលនេះ ដែលក្នុងនោះ ផ្ទុះឡើង នៅប្រទេសថៃ, ប្រទេសជប៉ុន, កូរ៉េខាងត្បូង តៃវ៉ាន់ និង ច្រើនជាងគេគឺនៅប្រទេសចិន ។
វីរូស កូរូណាវីរុស (coronavirus)ថ្មី ដែលបណ្តាលឲ្យអ្នកផ្ទុកជំងឺនេះ ក្អកផ្តាសាយ, លំបាក នៅក្នុងការដកដង្ហើម និង រលាកសួត ដែលប្រភពដើម ផ្ទុះឡើងនៅផ្សារលក់គ្រឿងសមុទ្រ នៅទីក្រុងវូហាន ។
វីរុស កូរូណាវីរុស ជាក្រុមគ្រួសារវីរុស ទាំងឡាយ ដែលចាប់ផ្តើមពីការផ្តាសាយ ធម្មតា រហូតដល់ផ្តាសាយធ្ងន់ធ្ងរ ប្រៀបប្រដូចទៅនឹងជំងឺ SARS ដែលបានសម្លាប់មនុស្ស ជិត ៨០០នាក់ អំឡុងពេល ឆ្លងកាលពីឆ្នាំ២០០២រហូតដល់ ឆ្នាំ២០០៣ នោះ ។
សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ក្រុមមន្ត្រីសុខាភិបាលចិន នៅថ្ងៃពុធនេះបានព្រមានថា៖ វីរុសផ្លូវដង្ហើមថ្មីដែលមានសភាពដូចជាជំងឺ SARS និងកំពុងលុកលុយប្រទេសចិន អាចនឹងផ្លាស់ប្ដូរទម្រង់ ហើយរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត ខណៈចំនួនអ្នកស្លាប់កើនដល់ ០៩នាក់ និងជាង ៤៤០ឆ្លង។ បន្ថែមពីនេះទីក្រុងម៉ាកាវ ក៏បានទទួលស្គាល់ពីការកឃើញ អ្នកឆ្លងវីរុសនេះជាលើកដំបូងផងដែរ ដែលជាស្ត្រីម្នាក់អាយុ ៥២ឆ្នាំ ទើបធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan)។
នៅក្នុងសន្និសីទព័ត៌មានធំមួយនៅថ្ងៃពុធនេះ លោក លី ពីន (Li Bin) ជាអនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន បានគូសបញ្ជាក់ដូច្នេះថា «បើទោះបីជាការចម្លងនៃវីរុសផ្លូវដង្ហើមថ្មីនេះ មិនទាន់ត្រូវបានកំណត់ឱ្យច្បាស់ក៏ដោយ តែវាមានលទ្ធភាពដែលគួរឱ្យព្រួយបារម្ភថា វីរុសនេះអាចនឹងវិវត្តន៍ផ្លាស់ប្ដូរទម្រង់ និងការរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត»។
លោក លី បានបន្ថែមទៀតថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់ ស្របពេលករណីឆ្លងវីរុសខូរ៉ូណាសរុបទាំង ៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន ១៣ទូទាំងប្រទេសចិន។ អ្នកបាត់បង់ជីវិតទាំងអស់ គឺសុទ្ធតែនៅក្នុងខេត្ត ហ៊ូបៃ (Hubei) ភាគកណ្តាល ជាទីដែលវីរុសខាងលើបានរាលដាលដំបូងចេញពីទីក្រុង វូហាន (Wuhan) ខណៈរដ្ឋធានីប៉េកាំងក៏មានករណីអ្នកឆ្លងវីរុសនេះដែរ។
ជាមួយគ្នានេះអាជ្ញាធរចិនបានប្រកាសពីវិធានការបន្ថែម ដើម្បីព្យាយាមគ្រប់គ្រងការបន្តរីករាលដាលនៃវីរុសផ្លូវដង្ហើមនេះ ស្របពេលដែលប្រជាជនចិន រាប់រយលាននាក់ ត្រូវធ្វើដំណើរទៅ-មកក្នុងប្រទេស កំឡុងបុណ្យចូលឆ្នាំចិននាសប្តាហ៍នេះ។ ដោយឡែក ក្រៅពីប្រទេសចិនផ្ទាល់ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុង Wuhan របស់ចិន។ បន្ថែមពីនេះអង្គការ សុខភាពពិភពលោក (WHO) ក៏បានប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់ ការឆ្លងវីរុសផ្លូវដង្ហើមនៅចិន។
គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរសុខាភិបាលចិនបានទទួលស្គាល់ថា វីរុសផ្លូវដង្ហើមថ្មីគឺឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការក្អក ឬកណ្តាស់ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ពី ប្រភពជាក់លាក់នៃកំណើតវីរុសនេះនៅឡើយទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print