ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមចំណារពីប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យស្ត្រីខ្មែរឥស្លាម ទាំងអស់មានសិទ្ធិអាចទទូរក្រមា ហើយបុរសអាចពាក់កាតឹបបាន នៅពេលពួកគេថតរូបធ្វើអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន សម្រាប់ធ្វើឯកសាររដ្ឋបាលផ្សេងៗ ។ ការសម្រេចនេះ ធ្វើឡើងក្រោយពីមានសំណើរពីថ្នាក់ដឹកនាំខ្មែរឥស្លាម ដែលមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាក៏ដូចជាអង្គការមូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា។
នៅព្រឹកថ្ងៃទី១១ ខែកក្ដដានេះ លោកអូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនេះ ជាការបង្ហាញនូវការយកចិត្ដទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើសេរីភាពការគោរពជំនឿសាសនា របស់ឥស្លាម ដែលជាគោលការណ៍ជាច្រើន ត្រូវបានផ្ដល់ជូនរួចហើយ ដូចជាសិស្ស និស្សិត អាចទទូរក្បាលពេលចូលទៅសាលារៀន ទំាងរដ្ឋ និងឯកជន មានកន្លែងថ្វាយបង្គំ នៅវិមានសន្ដិភាព នៅតាមព្រលានយន្ដហោះ ការផ្សព្វផ្សាយវិន័យធម៌ឥស្លាម នៅតាមវិទ្យុ និងទូរទស្សន៍ កាសែត ជាដើម ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រៅពីអនុញ្ញាតឲ្យខ្មែរឥស្លាមពាក់កាតឹប និងទទូរក្បាល រួចមក រាជរដ្ឋាភិបាលកម្ពុជា ក៍បានសម្រេច បញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាម ចំនួន១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួង អប់រំ យុវជន និងកីឡា។ គ្រូបង្រៀនខ្មែរអ៊ិស្លាមទំាង១៥០០នាក់នេះ និងអាចបើកប្រាក់ បៀវត្សរ៍ បានចាប់ពី ខែសីហា ឆ្នំា២០១៥នេះតទៅ ។ លោកបន្ដថា៖ សាសនិកឥស្លាមកម្ពុជា និងទូទំាងពិភពលោក សូមសម្ដែង នូវសេចក្ដីគោរព ដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបាន ចំពោះការផ្ដល់ ជូនដ៍ធំធេងនឹកស្មានមិនដល់ ហើយខ្មែរអ៊ិស្លាមទំាងអស់ និងចងចំាជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ ។
សូមបញ្ជាក់ថា៖ ក្នុងសេចក្តីជូនដំណឹងលេខ៧០៤ដែលធ្វើឡើងនៅថ្ងៃទី២៩មិថុនា ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុវត្ត និងចាត់ចែងតាមការគួរចំពោះសេចក្តីសម្រេចនេះ ។ ក្នុងលិខិតដាច់ដោយឡែកលេខ ៧០៣មួយទៀត រដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចូលគ្រូបង្រៀនខ្មែរអ៊ិស្លាម ចំនួនប្រមាណ១៥០០នាក់ទូទាំងប្រទេស ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៥ដែរនោះ បានយោងតាមចំណារពីប្រមុខរដ្ឋាភិបាល ដែលចុះថ្ងៃទី ២៧ មិថុនា ស្តីពីការយល់ព្រម តាមការស្នើសុំគោលការណ៍ខាងដើម។ ទីស្តីការគណៈរដ្ឋមន្ត្រី ស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ សហការអនុវត្តសេចក្តីសម្រេចនេះចាប់ពីខែ សីហា ឆ្នាំ២០១៥នេះ តទៅ ៕ដោយ៖ សំរិត