សម្តេចតេជោ ហ៊ុន សែន៖ យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖
ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាម និងម៉ាឡេហ្សី។

សម្តេចបន្តថា៖ អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។

សម្តេចមានប្រសាសន៍បន្តថា៖ មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។

សម្តេច សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ។ ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា នេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។
ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័ន ពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ហើយលេខទូរស័ព្វដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print