អ្នកស្លាប់បានកើនដល់៨០នាក់ហើយ ដោយសារជំងឺផ្លូវដង្ហើមប្រភេទថ្មី ខណៈអ្នកឆ្លងវិរុសដ៏សាហាវនេះកើនលើស២៧០០ករណី

ចែករំលែក៖

ប្រទេសចិន៖ វិរុសផ្លូវដង្ហើមប្រភេទថ្មីនេះ បានសម្លាប់មនុស្សកើនដល់៨០នាក់ហើយ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះនៅប្រទេសចិន បានកើនឡើងរហូតដល់២៧៦១នាក់ ខណៈប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។ នេះបើយោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ខណៈដែលជំងឺកាចសាហាវនេះបានរាតត្បាតដល់ប្រទេសមួយចំនួន ប៉ុន្តែមិនទាន់មានមកដល់ប្រទេសកម្ពុជានៅឡើយទេ។ ក្នុងនោះសម្តេចក៏បានប្រាប់ដល់និស្សិតខ្មែរដែលបានទៅសិក្សានៅប្រទេសចិនថា៖ «សូមក្មួយនិងនិស្សិតខ្មែរ សិក្សានៅប្រទេសចិន ថែរក្សាសុខភាពអោយបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»។ បន្ទាប់ពីនិស្សិតនៅទីនោះ បាន Comment ចូលFacebook សម្តេចថា៖ «ខ្ញុំបាទជានិស្សិតដែលកំពុងសិក្សា នៅខេត្តអានហួយ ទីក្រុងHefei នៅប្រទេសចិន ហើយស្ថានភាពនៅទីនេះ យើងមិនដឹងថា វានឹងល្អប្រសើរឬយ៉ាងណាទេ ដោយនៅទីនេះ មានអ្នកជម្ងឺដែលឆ្លងមានប្រមាណ៤០នាក់ សង្ឃឹមថាស្ថានភាព នឹងល្អប្រសើរ ជាពិសេសខ្ញុំសង្ឃឹមថា វីរីស នេះ នឹងមិនរាលដាលដល់កម្ពុជាចុះ»។
ដោយឡែក រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពសារព័ត៌មានឲ្យដឹងថា៖ កម្ពុជាក៏មិនទាន់រកឃើញមានករណីឆ្លងវិរុសនេះនៅឡើយទេ។ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «មកទល់ពេលនេះគេពុំទាន់រកឃើញថ្នាំព្យាបាលសម្លាប់ Corona virus ប្រភេទថ្មីនៅឡើយទេ ហើយកម្ពុជាមិនទាន់រកឃើញមានករណីឆ្លងវិរុសនេះដែរ»។
លោករដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា ៖ក្រុមការងាររបស់ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់ នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print