ផលិតករសិល្បកស្នើឲ្យកូនៗនាំសមាជិកគ្រួសារចូលទស្សនាភាពយន្តអប់រំរឿង “ដើម្បីកូន”

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជាភាពយន្តបែបកំប្លែង និងរន្ធត់ ជាភាពយន្តជីវិតររឿងដើម្បីកូនរបស់ផលិតករលោក ហ៊ុយ យ៉ាឡេង បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ។ ខណៈទាំងសិល្បករ និងលិតករស្នើឲ្យសមាជិកគ្រួសារ ឬកូនៗនាំសាច់ញាតិ ពិសេសឪពុកម្តាយចូលទស្សនាភាពយន្តនេះដើម្បីបង្កើនការយល់អធ្យាស្រ័យបណ្តុះនូវទឹកចិត្តស្រលាញ់គ្នាទៅវិញទៅមក។ 

ការប្រកាសសម្ពោធចាក់បញ្ចាំងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៧ ខែមករា នេះនៅរោងភាពយន្ត Major Cineplex ផ្សារទំនើបអ៊ីន១ ក្រោមវត្តមានសិល្បករ ផលិករយ៉ាងច្រើនកុះករ។  ដកស្រង់ពីជីវិតពិតរបស់បុរសពោះម៉ាយពិកាជើង មានកូនពីរនាក់រស់នៅរបងវត្ត និងតស៊ូធាក់ស៊ីក្លូចិញ្ចឹមកូន និងជួបរឿងរ៉ាវជីវិតកម្សត់ជាច្រើន។ ប្រមូលផ្តុំដោយសារអប់រំ ជំរុញទឹកចិត្តកូនៗឲ្យគោរពស្រលាញ់អ្នកមានគុណ ឈុតឆាកកម្សត់ធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនជាអ្វីដែលអ្នកទស្សនាថ្ងៃដំបូងបានពោលឡើងគ្រប់ៗគ្នា។ 

លោក ហ៊ុយ យ៉ាឡេងថាលោកពិតជាមានការព្រួយបារម្ភខ្លាំងមុនថ្ងៃសម្ពោធនេះព្រោះតែលោកថាយុវជនភាពច្រើនមិននិយមទស្សនាភាពយន្តបែបនេះច្រើននោះ ប៉ុន្តែលោកនៅតែមានក្តីសង្ឃឹមសម្រាប់ថ្ងៃចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែមករានេះ ។ លោកថាជារស់ជាតិថ្មីដែលទស្សនិកជនគ្រប់វ័យអាចទស្សនាបានហើយលោកក៏ ស្នើឲ្យកូនៗ បើមានឱកាសនាំមិត្តភ័ក្កិសាច់ញាតិ ពិសេសឪពុកម្តាយឲ្យចូលទស្សនា ឬស្គាល់រោងកុន ហើយចាំវិនិឆ្ឆ័យតាមក្រោយថាភាពយន្តនេះមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេច។ 

តួឯកស្រី កញ្ញា មាន សូនីតា បញ្ជាក់ថា កន្លងមកនាងមិនទទួលការសម្តែងច្រើនទេពិសេសភាពយន្ត ប៉ុន្តែ រឿង”ដើម្បីកូន”  ជាភាពយន្តដែលអាចទាញអារម្មណ៍កញ្ញា ឲ្យសម្រេចចិត្តចូលរួមសម្តែង។ នាងថាជាភាពយន្តមានអត្ថន័យអប់រំស៊ីជម្រៅ និងមានគម្រោងចូលរួមការងារសង្គមមួយចំនួនទើបនឹងសម្រេចចិត្តសម្តែងក្នុងភាពយន្តនេះ។ នាងរំពឹងថាទស្សនិកជនច្រើននឹងចូលរួមទស្សនាភាពយន្តរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅមួយនេះ។ 

គួរបញ្ជាក់ដែរថា ភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿងដើម្បីកូនរបស់ផលិត​​កម្ម កថាជ័យគ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ។ ផលិតករភាពយន្តនេះគ្រោងនឹងកាត់ប្រាក់ចំណេញពីការចាក់បញ្ចាំងភាពយន្តនេះចំនួន១០ភាគរយដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ក្រៅតែពីការចាក់បញ្ចាំងផលិតករភាពយន្តនេះធ្លាប់បានប្រកាដាក់លក់ស៊ីក្លូវ័យ៨០ឆ្នាំមួយក្នុងតម្លៃ១លានដុល្លារដុល្លារអាមេរិកដើម្បីយកថវិកាទាំងអស់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ វឌ្ឍនា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print