ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ធ្វើដំណើរដោយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២០ ចេញពីផ្ទះទៅទិញម្ហូប ត្រូវជនសង្ស័យម្នាក់ជិះម៉ូតូស្មាសវីមួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីបានមកភ្ជង់ប្លន់យកម៉ូតូសម្រេច រួចគេចខ្លួនបាត់ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបូរីជឹបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះដែលត្រូវចោរភ្ជង់ប្លន់យកម៉ូតូឈ្មោះ លាក់ ភេទស្រី អាយុជាង២០ ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបូរី ជឹប ម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះបាន និយាយរៀបរាប់ថា មុនកើតហេតុកូនស្រីរបស់គាត់ បាន ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រឹមសង សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB 7254 ទៅទិញម្ហូបនៅផ្លូវ៣៧១ សង្កាត់បឹងទំពុន ហើយបានជិះម៉ូតូត្រឡប់មកវិញដល់ចំនុចច្រកចូលបូរីជឹបម៉ុង ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូស្មាស់ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង នឹងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមដេញភ្ជង់ប្លន់យកម៉ូតូពីកូនស្រីគាត់ជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូស្មាសមួយគ្រឿងនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានចុះដល់ទីតាំងកើតហេតុនឹងបាននាំនារីជាម្ចាស់ម៉ូតូមកសួរនាំនឹងដាក់ពាក្យបណ្តឹង ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ