ទីក្រុងបាងកក៖ វីរុសកូរ៉ូណា កំពុងតែបង្កក្តីបារម្ភ កាន់តែខ្លាំង ដោយសារតែសន្ទុះរាលដាលយ៉ាងឆាប់រហ័សលើសពីការ ព្យាករណ៍។ មួយវិញទៀតចិនគឺជាប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោក ហើយពលរដ្ឋចិនបានរស់នៅគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាននិងលើពិភពលោកទាំងមូល។ ម្យ៉ាងទៀតការឆ្លងរាលដាលកើតឡើងចំពេលចូលឆ្នាំ ដែលពលរដ្ឋចិននៅគ្រប់ទិសទី ត្រូវទៅស្រុកកំណើត ឬទៅសែនជីដូនជីតានៅក្នុងប្រទេសចិន។ កត្តាទាំងនោះហើយបានធ្វើឲ្យការឆ្លងរាលដាល់នីវីរុសកូរ៉ូណាយ៉ាងឆាប់រហ័ស។
នៅពេលនេះថៃមានករណីឆ្លង៦នាក់ថ្មី ក្នុងនោះមាន មួយគ្រួសារដែលមានសមាជិក៥នាក់ រកឃើញថាបានឆ្លងវីរុសនេះ ក្រោយពេលគ្រួសារមួយនោះទើបតែវិលត្រឡប់មកពីខេត្ត Hubei ។
ដោយឡែកប្រទេសហ្វីលីពីនវិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី (កូរ៉ូណា)រដ្ឋាភិបាលហ្វីលីពីនបានសម្រេចផ្អាកផ្តល់ទិដ្ឋាការដល់អ្នកទេសចរណ៍ជនជាតិចិនមកកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន។
នៅថ្ងៃទី២៨ខែមករា នាយកដ្ឋានអន្តោប្រវេសន៍ហ្វីលីពីនបានប្រកាសផ្អាកផ្តល់ទិដ្ឋាការ ជាបណ្តោះអាសន្នដល់អ្នកទេសចរណ៍ មកពីប្រទេសចិនចាប់ពីថ្ងៃនេះ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មី ដែលកំពុងតែផ្ទុះឡើងនៅទីក្រុង វូហាន។
លោក Jaime Morente មន្ត្រីទទួលបន្ទុក ការធ្វើដំណើរចេញចូលក្នុងប្រទេសហ្វីលីពីនបានឲ្យដឹងថា៖ ការសម្រេចបែបនេះគឺដើម្បី ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពនៃការឆ្លងរាលដាលនៃវីរុស កូរ៉ូណា។
វីរុសផ្លូវដង្ហើមថ្មី បានផ្ទុះឡើង នៅទីក្រុងវូហានតាំងពី៨ខែធ្នូឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន ប្រទេសចិន។មកទល់ពេលនេះវីរុសផ្លូវដង្ហើមថ្មី បានសម្លាប់មនុស្ស ១០៦នាក់ និង ជាង៤ពាន់នាក់បានផ្ទុកវីរុសនេះ។ ជាមួយគ្នានេះបណ្តាប្រទេសជិតខាង ក្នុងនោះមានថៃ វៀតណាម សឹង្ហបុរី ជប៉ុន កូរ៉េខាងត្បូង រហូតដល់ អាមេរិក និងអាល្លឺម៉ង… ក៏បានករណីឆ្លងរាលដាលនៃវីរុសវីរុសផ្លូវដង្ហើមថ្មីនេះដែរ។
ចំណែកប្រទេសជប៉ុនវិញ នៅយប់ថ្ងៃទី២៨ខែមករានេះ នឹងបញ្ជូនយន្តហោះទៅកាន់ទីក្រុងវូហានដើម្បីជម្លៀសពលរដ្ឋជប៉ុន ចេញពីទីនោះ ខណៈដែលពលរដ្ឋជប៉ុនជាច្រើនត្រូវជាប់គាំងដោយសារតែការបិទចរាចរណ៍នៅទីក្រុងវូហានដើម្បីទប់ស្កាត់ការឆ្លងរាលដាល វីរុសផ្លូវដង្ហើមថ្មី។
រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានបញ្ជាក់ថា «យើងនឹងបញ្ជូនយន្តហោះទៅកាន់អាកាសយានដ្ឋានទីក្រុងវូហាននាយប់នេះ ។ យើងក៏បាននាំយកនៅសម្ភារៈ ដូចជាម៉ាស់ និងឧបករណ៍ការពារផ្សេងៗទៅជួយដល់ពលរដ្ឋចិន»។ លោក Toshimitsu Motegiបន្តទៀតថា នឹងមានពលរដ្ឋជប៉ុនប្រមាណ២០០នាក់ត្រូវចាកចេញពីទីក្រុងវូហាននៅយប់នេះ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលពលរដ្ឋជប៉ុនប្រមាណ៦៥០នាក់ដែលមានសាច់ញាតិ បានស្នើរដល់រដ្ឋាភិបាលឲ្យជួយជម្លៀស កូនចៅរបស់ខ្លួន ចេញពីតំបន់គ្រោះថ្នាក់ ៕
ដោយ៖ មែវ សាធី