ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៣លើកផ្សេងគ្នានៅក្រុងពោធិ៍សាត់ ។
នគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ បានឱ្យដឹងថា ការគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសធ្ងន់ស្រាលរដូករណេលក្នុងថ្ងៃតែមួយ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិសូរិយាលើ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ បង្កឡើងដោយម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-2292 បើកបរដោយឈ្មោះ ឈឹង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅស្រុកក្រគរ និងអ្នករួមដំណើរឈ្មោះ យឿន វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ.សង្កាត់កើតហេតុ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបុកបុរសវ័យចំណាស់ម្នាក់ឈ្មោះ ប៊ិត រិទ្ធ ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិ.សង្កាត់កើតហេតុ បណ្ដាលឱ្យដួលប្រកាច់ស្លាប់ភ្លាមៗ ខណៈជនរងគ្រោះដើរឆ្លងផ្លូវពីលិចទៅកើត ចំណែកអ្នកបើកបរម៉ូតូបង្កខាងលើ រងរបួសធ្ងន់ទាំង ២នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពពីនគរបាលខាងលើបន្តថា លុះដល់វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកទៀត ត្រង់ចំណុចភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ រវាងគោយន្តកន្ត្រៃបើកបរដោយឈ្មោះ តំ សេង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចខាងលើបានបត់ឆ្វេង គ្រានោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1D-0477 បើកបរដោយឈ្មោះ ហេង ឡង់ឌី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានបុកពេញទំហឹងបណ្ដាលឱ្យរងរបួសភាគីម្ចាស់ម៉ូតូយ៉ាងដំណំ ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពដដែលបន្តទៀតថា រហូតដល់វេលាម៉ោង ៧និង៣០នាទីយប់ បានកើតឡើង ១ករណីទៀត ត្រង់ចំណុចភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រវាងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-3194 បើកបរដោយឈ្មោះ ពេជ្រ ភារុន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ.សង្កាត់កើតហេតុ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកស៊ុយសឺគីវីវ៉ា សេរី ២០០៩ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ មាន ខេន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យម្ចាស់ម៉ូតូវីវ៉ារបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម្ចាស់ម៉ូតូហុងដាឌ្រីម ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ប្រភពដដែលបញ្ជាក់ទៀតថា វត្ថុតាងបង្កការគ្រោះថ្នាក់សមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងធ្វើការស្រាវជ្រាវវាស់វែងដើម្បីបន្តការដោះស្រាយគ្នាតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន