ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀង លោក នឿន នាគស៊ីណាត្រា និងតារាសម្តែង កញ្ញា ស៊ឹម សេរីរ័ត្នមន្នី ហៅ កូកូ បានដឹកដៃគ្នាចូលរោងការជាផ្លូវការហើយនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ។ ចូលរោងការលាភាពនៅលីវរបស់តារាប្រុសស្រីពីររូបនេះគឺក្រោយពីពួកគេបានស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ។
ស្នេហាបើកចំហររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យតារាប្រុសស្រីទាំងពីរកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំង។ ពួកគេបានរួមសុខរួមទុក្ខជាមួយគ្នានិងបង្កើតបានអនុស្សាវរីយ៍រាប់មិនអស់រួមគ្នាមុនពេលសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីចាស់ទុំទាំងសងខាង។ តារាប្រុសនឿន នាគស៊ីណាត្រា រំលឹកពីប្រវត្តិស្នេហ៍ខ្លះៗថា លោកបានស្គាល់គ្នាមិនតិចជាង៧ឆ្នាំទេ ហើយជំនួបដំបូងគឺក្រោយពេលមានការងារសិល្បៈរួមគ្នានៅផលិតកម្ម Rock ។ លោកថាផ្តើមពីការរាប់អានកាន់តែធ្វើឲ្យលោកស្រលាញ់ចូលចិត្ត កញ្ញា កូកូ កាន់តែខ្លាំង ព្រោះ តែភាពឆ្លាតវាងវៃ អត្តចរិករួសរាយរាក់ទាក់ ម៉ឺងម៉ាត់នឹងការងារ និងស្មោះត្រង់មិនងាយមានបុរសណាងាយទាក់ទងបាន។
តារាស្រី កញ្ញា ស៊ឹម សេរីរ័ត្នមន្នី ហៅ កូកូ វិញបានលើកឡើងថា ចំណុចដែលធ្វើឲ្យនាងបាក់ចិត្តស្រលាញ់ លោក នឿន នាគស៊ីណាត្រា នោះគឺភាព ឆ្លាតវៃ និងម៉ឺងម៉ាត់ជាមួយកិច្ចការងារ និងជួយកែប្រែកំហុសឆ្គងរបស់នាង។ នាងថា មង្គលការរបស់នាងមានភ្ញៀវចូលរួមប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានឡាក់គីប្រាយដោយក្នុងនោះនឹងមានវត្តមានសិល្បករជាច្រើនចូលរួមផងដែរ។ នាងបញ្ជាក់ថា ក្រោយរៀបការនាងនិងអនាគតស្វាមីនៅតែបន្តការងារសិល្បៈដដែល ហើយនាងក៏គ្រោងនឹងបង្កើតមុខជំនួញផ្ទាល់ខ្លួនថ្មីបន្ថែមពីការងារសិល្បៈដើម្បីឲ្យជីវិតគ្រួសារនាងកាន់តែប្រសើរជាងនេះ។ មិនមានគម្រោងទទួលយកកំណើតកូនភ្លាមៗទេក្រោយពេលរៀបមង្គលការភ្លាមៗ ខណៈនាងនិងស្វាមីចង់មានស្ថានភាពល្អប្រសើរជាងនេះបន្តិច។
អ្នកទាំងពីរបានថ្លែងអំណរគុណចំពោះក្រុមគ្រួសារសាច់ញាតិដែលបានជួយជ្រោមជ្រែងលើកទឹកចិត្ត និងជំរុញឲ្យពួកគេចូលរោងការនៅពេលដ៏ខ្លីខាងមុខ ហើយលោកក៏រំពឹងដែរថា ទស្សនិកជននឹងនៅតែបន្តគាំទ្រនូវរាល់ស្នាដៃសិល្បៈថ្មីរបស់ពួកគេផងដែរ៕ ដោយ វឌ្ឍនា