អាជ្ញាធរស្រុកព្រៃនប់នៅតែមានគំនិតព្យាយាមឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមនៅសមុទ្រកោះខ្យងអ្នកនេសាទនៅទីនោះកាន់តែក្តៅក្រហាយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជានេសាទសមុទ្រនៅភូមិកោះខ្យងឃុំអូរជ្រៅស្រុកព្រៃនប់ច្រើននាក់បានចោទអាជ្ញាធរស្រុកព្រៃនប់ថានៅតែចងគំនិតព្យាយាមឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមដល់ឈ្មួញនៅតំបន់ទឹករ៉ាក់ដែលជាកន្លែងធ្វើនេសាទចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ដោយពួកគាត់បានលើកឡើងថាទីតាំងប្រកបរបរធ្វើនេសាទនោះកាន់តែតូចដោយកន្លងមកក៏មានការឃុបឃិតគ្នាអនុញ្ញាត្តិច្បាប់ដូចគ្នានេះរួចមកហើយ ។

ប្រជានេសាទបន្តថាមូលហេតុដែលពួកគាត់ធ្វើការចោទប្រកាន់អាជ្ញាធរស្រុកបែបនេះដោយសារកាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះអាជ្ញាធរស្រុកបានកោះហៅអ្នកនេសាទសមុទ្រទឹកជ្រៅមួយចំនួនដែលជាបក្ខពួកខាងកូនចៅមេឃុំយន់ឆេងឲ្យមកសម្របសម្រួលដើម្បីស្ទាបស្ទង់មតិនិងផ្តិតមេដៃគាំទ្រការចេញច្បាប់ចិញ្ចឹមគ្រែងឈាមនៅក្នុងសមុទ្រទឹករ៉ាក់នោះ។ទង្វើបែបនេះត្រូវបានប្រជានេសាទទឹករ៉ាក់រិះគន់ថាចៅហ្វាយស្រុកព្រៃនប់នៅតែមានគំនិតឃុបឃិតគ្នាចេញច្បាប់ចិញ្ចឹមគ្រែងឈាមដល់ឈ្មួញដដែលអ្នកនេសាទប្រដូចថាមាត់ប្រកែកតែអង្រែកនៅតែទទួលដដែល ។

​ប្រជានេសាទដដែលបានបន្តថាលោកចៅហ្វាយស្រុកព្រៃនប់គួរណាស់កោះហៅប្រជានេសាទតំបន់ទឹករ៉ាក់មកធ្វើការស្ទាបស្ទង់មតិមិនត្រូវហៅតែប្រជានេសាទទឹកជ្រៅនោះទេព្រោះអ្នកនេសាទនៅសមុទ្រទឹកជ្រៅពួកគេមិនមានការពាក់ពន្ធ័អ្វីនិងតំបន់ទឹករ៉ាក់នោះទេដូចនេះចង់ចៅហ្វាយស្រុកចេញច្បាប់ឲ្យឈ្មួញណាចិញ្ចឹមអ្វីក៏ចេញទៅមិនខ្វល់ឡើយ ។

​ពាក់ពន្ធ័និងបាតុភាពនេះប្រជានេសាទនៅភូមិកោះខ្យងប្រមាណ៨១នាក់តំណាងឲ្យប្រជានេសាទ៣ឃុំ(ឃុំអូរជ្រៅ,ឃុំបឹងតាព្រហ្ម,និងឃុំអូរឧកញ៉ាហេង)បានផ្តិតមេដៃលើញ្ញាតិស្វែងរកអន្តរាគមន៍ពីសំណាក់ ខណ្ឌ័រដ្ឋបាលជលផលខេត្តនិងអាជ្ញាធរខេត្តព្រះសីហនុផងដែរ ។

​លោកទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ធ្លាប់បានប្រាប់អ្នកកាសែតក្នុងស្រុកថាលោកមិនមានការពាក់ពន្ធ័ក្នុងរឿងនេះទេ ហើយសំណុំរឿងនេះលោកបានបដិសេធមិនចុះហត្ថលេខាឲ្យទេ ប៉ុន្តែបច្ចុប្បន្នស្រាប់តែមានបាតុភាពលេចធ្លោមកថាលោកចៅហ្វាយស្រុកបានកោះហៅអ្នកនេសាទសមុទ្រទឹកជ្រៅទៅធ្វើការស្ទាបស្ទង់មតិនិងផ្តិតមេដៃគាំទ្រការចេញច្បាប់អនុញ្ញាតិឲ្យឈ្មួញចិញ្ចឹមគ្រែងឈាមដដែលនេះសបញ្ជាក់ថា មាត់ប្រកែកតែអម្រែកនៅតែទទួល។

​មន្ត្រីសាលាស្រុកព្រៃនប់ម្នាក់សុំមិនបញ្ជេញអត្តសញ្ញាណបានលួចខ្សិបប្រាប់ថា សាច់រឿងនេះគឺមានបុរសម្នាក់មិនស្គាល់ឈ្មោះគេអះអាងថាជាចាងហ្វាងកាសែត (ភ្នំពេញដេលី)ជាអ្នករត់ការហើយថ្មីៗកន្លងទៅនេះក៏មានបាតុភាពថាចាងហ្វាងកាសែតរូបនោះបានទូរសព្ទ័ទៅរករឿងនិងមន្ត្រីជលផលយ៉ាងចាស់ដៃ ដោយសារតែរឿងរត់ការសុំច្បាប់ឲ្យឈ្មួញដែលជាបក្ខពួកគេចិញ្ចឹមគ្រែងឈាមនោះផងដែរ។

​បញ្ជាក់ថា អ្នកដែលសុំទីតាំងចិញ្ចឹមគ្រែងឈាមនៅក្នុងដែននេសាទពលរដ្ឋកោះខ្យងនោះជាថៅកែនាំកូនគ្រែងទៅប្រទេសវៀតណាម ហើយការស្នើសុំច្បាប់ចិញ្ចឹមគ្រែងឈាមនៅកោះខ្យងនេះវាគ្រាន់តែជាលេស មួយបង្ករការក្តៅក្រហាយដល់ប្រជានេសាទក្រីក្រតែប៉ុណ្ណោះតែធាតុពិតគឺគេមានបំណងមកប្រមូលទិញកូនគ្រែងឈាមពីតំបន់កោះខ្យងដឹកយកទៅប្រទេសវៀតណាម។

​លោក ឯម ភា ប្រធានសង្កាត់រដ្ឋបាលជលផលស្រុកព្រៃនប់ខេត្តព្រះសីហនុ បានឲ្យដឹងថាពាក្យស្នើសុំចិញ្ចឹមគ្រែងឈាមនោះបានដាក់ជូនទៅដល់ចៅហ្វាយស្រុកព្រៃនប់ពិនិត្យហើយ ដោយមានចុះហត្ថលេខាឯកភាព ពី លោក រស់ ហាក់ ប្រធានសហគម នេសាទនិងព្រៃឈើឧទ្យាជាតិរាមនិងលោក យន់ ឆេង មេឃុំ អូរជ្រៅ រួមនិងរួបលោកផងដែរ ប៉ុន្តែបានឬមិនបានសម្រេចថ្នាក់ដឹកនាំខាងលើទៀត។

​ពាក់ពន្ធ័និងការចុះហត្ថលេខាឯកភាពលើពាក្យស្នើសុំច្បាប់ចិញ្ចឹមគ្រែងឈាមកាលពីព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៥នេះលោក នៅ ការុន ប្រធានបរិស្ថានឧទ្យាជាតិរាមបាននិយាយប្រាប់ថាលោក រស់ ហាក់ ប្រធានសហគមនេសាទនិងព្រៃឈើឧទ្យានជាតិរាមកំពុងប្រព្រឹត្តខុសលក្ខន្តិកះ

របស់ឧទ្យាជាតិរាមហើយ ដោយហ៊ានចុះហត្ថលេខាឯកភាពឲ្យគេមុនបាត់ទៅហើយទើបរាយការណ៍តាមក្រោយ ប្រការនេះលោកនិងធ្វើរបាយការណ៍ទៅថ្នាក់លើជាបន្ទាន់ផងដែរ។

​លោក នៅការុន បានបញ្ជាក់ថា តំបន់ដែននេសាទរបស់ពលរដ្ឋនៅកោះខ្យងនោះពិតជាមានការពាក់ពន្ធ័និងដែនឧទ្យាជាតិរាម យ៉ាងពិតប្រាកដ ហើយករណីនេះប្រសិនបើភាគីខាងជលផលសម្រេចឲ្យឈ្មួញ មែននោះ ក៏ភាគីខាងឧទ្យាជាតិរាមមិនឯកភាពដែរ ព្រោះមានការប៉ះពាល់ដល់ការរស់នៅរបស់រាស្ត្រច្រើនណាស់ គឺមានរហូតដល់ទៅ៣ឃុំឯណោះ។

​ជាមួយគ្នានេះលោកនេនចំរើនប្រធានខណ្ឌ័រដ្ឋបាលជលផលខេត្តព្រះសីហនុបានមានប្រសាសន៍ថាលោកបានទទួលបណ្តឹងពីប្រជានេសាទរួចហើយពេលកន្លងទៅថ្មីៗនេះបច្ចុប្បន្នកំពុងចាត់ចែងជំនាញឲ្យចុះទៅពិនិត្យជាក់ស្តែងដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី ប្រជានេសាទនៅភូមិកោះខ្យងសូមធ្វើការអំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុរួមនិងជំនាញពាក់ពន្ធ័គ្រប់មន្ទីរអង្គភាពស្ថាបន័មេត្តាទប់ស្កាប់អំពើរំលោភឆ្នាំងបាយពួកគាត់នេះផង៕

...

ដោយ៖ ឆ្លាមសមុទ្រ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print