នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងភារកិច្ចចំពោះមុខ និងយូរអង្វែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកថា ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាកត្តាចាំបាច់បំផុតមួយ ក្នុងចំណោមបញ្ហាសំខាន់ៗជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ និងយូរអង្វែង។

ការលើកឡើងរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្តែងលំហាត់សំយោគរបស់សិក្ខាកាម នាយទាហានទ័ពជើងគោកជំនាន់ទី៨ នៅវិទ្យាស្ថានកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ថា ដើម្បីបន្តពង្រឹងការកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ ចាំបាច់ត្រូវធ្វើការកែទម្រង់ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេសប្រព័ន្ធអប់រំយោធិនត្រូវកែសម្រួល ដើម្បីបង្កើនប្រសិទ្ធភាពទាំងការបណ្តុះបណ្តាលយោធិនអាជីព និង ការហ្វឹកហ្វឺនជំនាញផ្សេងៗ។

តាមសេចក្តីរាយការណ៍របស់នាយកវិទ្យាស្ថានកងទ័ពជើងគោក សិក្ខាកាមនាយទាហានជើងគោកជំនាន់ទី៨ មានចំនួនសរុប២២៧នាក់ ឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេល៤ឆ្នាំ ក្នុងនោះមានហ្វឹកហ្វឺន មេរៀន យុទ្ធវិធីពីកម្រិតបុគ្គលដល់កម្រិតនាយក្រុម ហ្វឹកហ្វឺនមេរៀនចំណេះដឹងទូទៅ និងយោធាថ្នាក់មូលដ្ឋាន ហ្វឹកហ្វឺនមេរៀនយុទ្ធវិធីពីកម្រិតមេញ្ជាការកងអនុសេនាតូចនិងសិក្សាស្វែងយល់ថ្នាក់កង អនុសេនាធំ ហ្វឹកហ្វឺនមេរៀនចំណេះដឹងបច្ចេកទេស និងមុខជំនាញអន្តរាវុធ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយនឹងស្ថាប័នជំនាញអគ្គបញ្ជាការដ្ឋាន ធ្វើឲ្យការងារបណ្តុះបណ្តាលយោធិននៅតាមបណ្តាសាលា សមស្របជាមួយនឹងប្រព័ន្ធអប់រំជាតិ និងមានលក្ខណៈនិយាមអន្តរជាតិ។

ដើម្បីជាមូលដ្ឋានសម្រាប់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សាយកទៅអនុវត្តឲ្យទទួលបានលទ្ធផលល្អ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*ទី១ ៖ ត្រូវយល់ដឹងឲ្យបានច្បាស់នូវតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
*ទី២ ៖ ត្រូវធ្វើគំរូដល់មហាជនក្នុងការគោរព និងអនុវគ្គច្បាប់។ ទន្ទឹមនោះត្រូវគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យ បទបញ្ជាលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ
*ទី៣ ៖ ត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅអំពីសភាពការណ៍សន្តិសុខពាក់ព័ន្ធ នឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងទប់ស្កាត់បានទាន់ពេលវេលា
*ទី៤ ៖ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបង្កើនស្មារតីសហការទទួលខុសត្រូវ ដោយឈរលើផលប្រយោជន៍សមូហភាពជាសំខាន់
*ទី៥ ៖ គ្រប់គ្រង ថែរក្សា និងជួសជុលរាល់មធ្យោបាយ សម្ភារ បរិក្ខារ គ្រឿងបំពាក់គ្រប់ប្រភេទឲ្យបានល្អជាប្រចាំ និងសមស្របតាមលក្ខណៈបច្ចេកទេស
*ទី៦ ៖ បន្តការសិក្សាស្រាវជ្រាវដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយ ទាំងចំណេះដឹងទូទៅ ជំនាញឯកទេសថ្មីៗ ក៏ដូចជាចំណេះដឹងភាសាបរទេសជាដើម
*ទី៧ ៖ លើកកម្ពស់សីលធម៌ គុណធម៌ ស្មោះត្រង់ជានិច្ចក្នុងបុព្វហេតុជាតិ គោរពស្រលាញ់ ជឿទុកចិត្តគ្នាទៅវិញទៅមក
*ទី៨ ៖ សកម្មចូលរួមកសាងអង្គភាព និងការចូលរួមបង្កបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ បន្ថែមលើគោលរបបរបស់រដ្ឋ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print