ភ្នំពេញ៖ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតមក ដល់ថ្ងៃទី២៤ មករា ២០២០នេះនៅក្នុងរាជធានី ភ្នំពេញមាន ភ្លើងស្តុបនៅរាជធានីភ្នំពេញចំនួន១៦៨ទីតាំងហើយ ខណៈដែលភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ (ផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ) បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៣ មករា ២០២០ ។
នៅទីតាំងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ ចំណុច (ផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ)នេះ ពោលគឺក្រោយពីបង្កើតឱ្យមានផ្សារទំនើប អ៊ីអនម៉ល បានធ្វើឱ្យទីតាំងនេះប្រឈមនឹងការកកស្ទះចរាចរណ៍រាល់ថ្ងៃ ដោយមើល ឃើញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបំពាក់ ភ្លើងស្តុបថ្មីតែម្តង ។ ការដាក់ឱ្យដំណើរការ ភ្លើងស្តុបថ្មីនេះ វានឹងធ្វើឱ្យតំបន់ខាងលើនេះលែងប្រឈមនិងការកកស្ទះចរាចរណ៍ខ្លាំងដូចមុនទៀត។
សូមបញ្ជាក់ថា៖. លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ហើយថា ស្ថានភាពក្នុងរាជធានីភ្នំពេញ បាននិងកំពុងកើតមានបញ្ហាការកកស្ទះចរាចរណ៍ ដោយសារតែការកើនឡើងយ៉ាងគំហុកនូវចំនួនរថយន្តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ បើគិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន៥០៨១៤៣គ្រឿង និងទោចក្រយានយន្តចំនួន ១៩៦៦៣២២ គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ នៅមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ។ តែនៅក្នុងចំនួននេះ មិនបានគិតនិងរាប់បញ្ចូលរថយន្ត ដែលពាក់ស្លាកលេខខ.ម ស្លាកលេខ ន.ប រឺម៉ក និង ត្រីចក្រយានយន្តឡើយ ។
ជាមួយនិងកំណើននេះរដ្ឋបាលរាជធានី ក្រោមការជួយឧបត្ថមគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន JICA បានធ្វើអោយដំណើរការជាផ្លូវការលើការសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានចាប់ផ្តើមដំណើរការអនុវត្តកាលពីខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេលសរុប៣៥ខែ ក្នុងនោះរួមមាន៖ ១-ការងារតម្លើង និងបំពាក់ភ្លើងស្តុបថ្មី នៅតាមចំណុច ប្រសព្វសរុបចំនួន ១១៥ ទីតាំង។ ២-ការងារបំពាក់កាម៉េរ៉ាចាប់រូបភាព និងវិភាគទិន្នន័យយានយន្តឆ្លងកាត់ ចំនួន១៩៤គ្រឿង ។ ៣-ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាព CCTV ចំនួន២៦គ្រឿង សម្រាប់ត្រតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមបណ្តាចំណុចផ្លូវប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ៤-ការងារសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ចំនួនមួយកន្លែងនៅក្នុងបរិវេណរដ្ឋបាលរាជធានីភ្នំពេញ នៅ ជាន់ទី៩នៃអគារសាងសង់ថ្មី ។៥-ផ្តល់នូវវគ្គ បណ្តុះប ណ្តាលសំខាន់ៗដល់មន្ត្រីបច្ចេកទេសរបស់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ទេរចំណេះដឹង និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរណ៍ផង ដែរ ។គម្រោងនេះបានដាក់ឲ្យដំណើរការជា បណ្តោះ អាសន្នតាំងពីខែធ្នូ ឆ្នាំ២០១៨ ៕
ដោយ៖ សំរិត