វិភាគព័ត៍មានអន្តរជាតិ៖ ក្រោយរងការរិះគន់ថាកែប្រែរដ្ឋធម្មនុញ្ញដើម្បីអំណាច លោកពូទីនបានចេញមុខបកស្រាយ

ចែករំលែក៖

ប្រទេសរុស្សុី៖ ការសម្រេចកែប្រែរដ្ឋធមនុញ្ញរបស់ប្រធានាធិបតីពូទីនបានធ្វើឲ្យ​ក្រុមប្រឆាំងថ្កោលទោសយ៉ាងខ្លាំង​ដោយចាត់ទុកថា​នោះ ជាសកម្មភាព​ដើម្បីបន្តកាន់តំណែងដឹកនាំរុស្ស៊ីអស់មួយជីវិត ។ នៅពេលនេះលោកពូទីនប្រកាសថា លោកមិនកែប្រែរដ្ឋធម្មនុញ្ញដើម្បីបន្តកាន់អំណាចឡើយ។
ប្រធានាធិបតីរុស្ស៊ី​លោកពូទីន កាលពីថ្ងៃទី​៤ ខែកុម្ភៈ​បានចេញមុខបកស្រាយ ពីភាពចាំបាច់ត្រូវ កែប្រែរដ្ឋធម្មនុញ្ញ​​ ដោយលោកបញ្ជាក់ថា មិនបានកែប្រែដើម្បីខ្លួនឯង បន្តអំណាចនោះឡើយ ​គឺជាការកែប្រព័ន្ធនយោបាយជួយឲ្យប្រទេសរុស្ស៊ីកាន់តែប្រសើរឡើង។
មានប្រសាសន៍នៅ មហាវិទ្យាល័យ​ក្នុងទីក្រុង​ Cherepovets ភាគខាងជើងទីក្រុងមូស្គូ លោកពូទីនបានបញ្ជាក់ថា ​ក្នុងរយៈពេល លោក និងនាយករដ្ឋមន្ត្រី​ Medvedev កាន់តំណែង​ គឺមានចំណុចជាច្រើន​ដែល ដំណើរការមិនត្រឹមត្រូវ ដូចជានយោបាយ សុខភាពសាធារណៈ អបរំ … ដូច្នេះយើងចាំបាច់ត្រូវតែ ស្នើកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិ​។ មិនមែនកែប្រែរដ្ឋធមនុញ្ញដើម្បី អូសបន្លាយពេលវេលាកាន់អំណាចរបស់ថ្នាក់ដឹកនាំនោះឡើយ។
លោកពូទីនបានបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ បានកែប្រែដល់ទៅ​១៥លើកមកហើយ មកទល់ពេលនេះ​ ដោយមិនមានអ្វីខុសប្រក្រតីនោះឡើយ គឺដើម្បីតម្រូវទៅតាមសង្គមបច្ចុប្បន្ន។
នៅក្នុងសារភាព​ប្រចាំឆ្នាំ ដែលលោកពូទីនបានអានកាលពីថ្ងៃទី​១៥ខែមករា ឆ្នាំ​២០២០ ក្នុងនោះលោកបានស្នើកែប្រែរដ្ឋធម្មនុញ្ញ រឹតបន្តឹងការគ្រប់គ្រង របស់មន្ត្រីតាមតំបន់នីមួយៗ ឲ្យមានប្រសិទ្ធិភាពបំផុត​។
កាលពីខែមករា សភារុស្ស៊ីបានបោះឆ្នោត អនុម័ត ឲ្យកែប្រែរដ្ឋធម្មនុញ្ញ​ ក្រោយរយៈពេលជាង​២ម៉ោង​ពិភាក្សាគ្នា ​។ ប៉ុន្តែក្រុមប្រឆាំង បានចោទប្រកាន់ ប្រធានាធិបតីពូទីន​ថាមានបំណង​ចង់កាន់អំណាចអស់មួយជីវិត ទើបលោកសម្រេចឲ្យកែប្រែរដ្ឋធម្មនុញ្ញ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ចេតនា​ចង់​កែប្រែរដ្ឋធម្មនុញ្ញ​រុស្ស៊ីនេះ គឺលោក ពូទីន ចង់​ធ្វើ​តាំងពីពេល​លោក​ផ្តើម​ឡើង​កាន់​អំណាច​រដ្ឋ​មកម្ល៉េះ ប៉ុន្តែ​ពុំ​ទាន់​មាន​ឱកាស​ល្អ​ដូចពេលនេះ ។ កាលពីថ្ងៃទី​១៥មករា បុរសខ្លាំង​លេខ​មួយ​រុស្ស៊ី បាន​លើកឡើងថា ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ច្រើន​ផ្នែកចំពោះ​ស្ថាប័នរដ្ឋជាច្រើន​ ទាំង​ថ្នាក់​តំបន់​ និងទាំង​​រដ្ឋសភា​ផង ។ ​ រដ្ឋសភា​រុស្ស៊ី គឺ​មាន​ភាព​ចាស់​ទុំ​គ្រាន់បើ​ខ្លាំងនឹងគេ​ដែរ ហេតុនេះ ត្រូវមាន​អំណាច​សិទ្ធិ​ក្នុង​សម្រេច​ឱ្យ​បា​នច្រើន​ជាងមុន ដូចជា​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី​ជាដើម ។
មិនតែប៉ុណ្ណោះ លោកពូ​ទីន ស្នើ​ឱ្យ​កែទម្រង់​ពង្រឹង​អំណាច​ដល់​អភិបាល​ថ្នាក់​តំបន់ ។ ចំពោះ​សមាជិក​រដ្ឋាភិបាល និង​ចៅក្រម គឺហាម​មិន​ឱ្យ​មាន​សញ្ជាតិ​ពីរ ឬហាម​មិន​ឱ្យ​​មាន​ផ្ទះ​នៅ​ក្រៅស្រុក​ ឬក៏​មាន​បណ្ណស្នាក់​នៅ​បរទេស​​ឡើយ ។ សម្រាប់​រាល់​តែគ្រប់​បេក្ខជន​ប្រធានាធិបតី ត្រូវតែ​រស់​នៅក្នុង​​ប្រទេស​រុស្ស៊ី​ យ៉ាង​ហោច​​២៥ឆ្នាំ​ជាប់ៗ​គ្នា​ ។ ក្នុង​ក្រសែភ្នែក​អ្នក​វិភាគ​នយោបាយ​រុស្ស៊ី,​ ការ​ចង​មាត្រា​បែប​នោះ គឺ​ដើម្បី​បញ្ជៀស​ក្រុម​ប្រឆាំង​ដែល​មាន​សញ្ជាតិពីរ និងដែល​ច្រើនតែ​គេ​ចទៅរស់​នៅ​ក្រៅស្រុក កុំ​ឱ្យ​អស់​លោក​ទាំងនោះ អាច​មាន​លទ្ធភាព​ស្រប​ច្បាប់​ឈរ​ឈ្មោះ​ សម្រាប់​តំណែងបេក្ខជន​​ប្រធានាធិបតី​បាន​ ។
ទោះយ៉ាងនេះក្តី ​ប្រធានាធិបតី ពូទីន ថា​រុស្ស៊ី​ជាប្រទេស​ប្រកាន់​របបសាធារណរដ្ឋ​​ប្រធានាធិបតីនិយម ហេតុនេះ​ប្រមុខរដ្ឋ​ត្រូវតែ​មាន​អំណា​ច​ខ្លាំង​ក្នុងការ​សម្រេច​កិច្ចការ​ប្រទេស​ជាតិ ។ ដូចជាការ​កំណត់​បេសកម្ម​ និងកិច្ចការ​ជាអាទិភាព​របស់​រដ្ឋាភិបាល ។ ថែមពីនេះ​ បើ​តាម​លោកពូទីន, ប្រធានាធិបតីរុស្ស៊ី ក៏ត្រូវ​រក្សា​សិទ្ធិ​ក្នុងការ​បណ្តេញ​សមាជិក​រដ្ឋាភិបាល​ ហើយនឹង​តែងតាំង​ ថ្នាក់​ដឹកនាំ​ស្ថាប័ន​ដែល​កាន់ការ​កន្លែង​សន្តិសុខជាតិ ជាដើម ។ ​ ដូច្នេះ កំណែទម្រង់រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​សម្រប​តាម​លំអានដែល​បាន​លើកឡើងទាំង​​នេះ​​ដែរ ។ ​
ចំពោះ​អ្នក​សង្កេតការណ៍ គម្រោង​ការ​កែរដ្ឋធម្មនុញ្ញ​នេះ គឺ​ច្បាស់​ណាស់ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​អំណាច​នៃ​ការ​តែងតែប្រធាន​ចៅក្រម​តុលាការកំពូល​ និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ​ទៀត​ផង ដែល​គេ​មើលទៅ គឺជាទម្រង់​នៃការ​ចង​ក្រសោប​ឱប​អំណាច​ ទៅក្រុម​ណា​មួយ​​ ជាក់ជាមិន​ខាន​ ។
នៅក្នុង​អាណត្តិ​កាន់អំណាចរដ្ឋ នៅ​លើកទី១ របស់​លោក វ្ល៉ាឌីមៀរ ពូទីន​ ពីឆ្នាំ​២០០០-២០០៨ ។ ឧទាហរណ៍​មួយ​ ​លោក​ ពូទីន បាន​ចុះ​ពី​ប្រមុខ​រដ្ឋ មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​លើក​លោក Dmitri Medvedev ពីនាយករដ្ឋមន្ត្រី មកឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតីជំនួស​រូប​លោក​​ មួយ​រយៈសិន គឺ​ចន្លោះ​ឆ្នាំ​២០០៨-២០១២ ។ ដូច្នេះ ជាផ្លូវ​ការ​នៅលើ​ក្រដាស គឺ​លោក​ ពូទីន​ ជា​នាយករដ្ឋ​មន្ត្រី​មែន តែ​តាម​ពិត​អំណាច​របស់​គាត់គឺនៅតែ​ជា​ប្រធានាធិបតីដដែល ព្រោះ​ លោក Dmitri Medvedev ជាមនុស្ស​ជំនិតមែនទែន​​ និង​ដ៏​ស្មោះ​ស្មគ្រ​បំផុត​របស់​លោកពូទីន ។ ​ ហើយ​ការ​ចុះ​ឡើង​តំណែង​ពី​ប្រធានាធិបតី​មកនាយករដ្ឋមន្ត្រី​បែបនេះ គឺគ្រាន់តែ​ធ្វើ​បំភាន់​ កុំឱ្យ​ខុស​នឹង​ការ​ចែង​របស់​រដ្ឋធម្មនុញ្ញ​រុស្ស៊ី​តែប៉ុណ្ណោះ ។

ចំណែក​​សេណា​រីយ៉ូនៃការ​សាកល្បង​ជ្រើសរើស​រក​អ្នក​ស្នង​តំណែងវិញ​ គឺ​ធ្លាប់​កើត​មាន​ការ​សាកល្បង​ កាលទី​ប្រាំ​ដង​ឯណោះ​នៅក្នុង​រជ្ឋកាល​របស់​អតីត​ប្រធានាធិបតី បូរីស អែល​ស៊ីន​​ (Boris Eltsine) ក្នុង​សម័យ​ឆ្នាំ​១៩៩១ ដល់​១៩៩៩ ។ អំលុង​ពេល​នោះ លោកអតីត​ប្រមុខរដ្ឋ​រុស្ស៊ី បូរីស អែល​ស៊ីន​ បានសាកល្បង ​ដោះដូរ ​ និង​ជ្រើសរើស​​នាយករដ្ឋមន្ត្រី ដល់​ទៅ​៤-​៥នាក់ ។ ម្នាក់​ មើលទៅ​មិនកើត ទៅមិនរួច​ ក៏​ប្តូរ​មួយទៀត រហូត​ដល់​គម្រប់​ប្រាំ​នាក់ឯណោះ​ ទើប​ដល់​វេន​បុរសខ្លាំង​ខ្សែក្រវាត់​ខ្មៅ​កីឡាយូដូ ​លោក វ្ល៉ាឌីមៀរ ពូទីន​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print