ខេត្តកណ្តាល៖ កម្លោះកូនមួយ បានលួចអង្គុយផ្ទឹមជាមួយកូនក្រមុំ ជាស្វាមីភរិយាគូថ្មី ស្រាប់តែប្រពន្ធបានដឹកដៃកូនប្រុសមកចូលរោងការទាំងទឹកមុខស្រង៉ូតស្រងាត់ ស្ទើរក្រៀមសួតក្អួតឈាម នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង-ខេត្តកណ្តាល។
បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានរៀបរាប់អោយដឹងថា៖ គាត់ជាភរិយាខាងកូនកម្លោះ ដែលកំពុងចូលរោងការថ្ងៃនេះ ហើយមានកូនប្រុសមួយជាចំណងដៃ និងរៀបការតាមប្រពៃណីដោយស្របច្បាប់។ ដោយឡែកប្តីឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ រស់នៅជាមួយធម្មតា ទោះធ្លាប់មានរឿងរកាំរកូស ហាក់មិនចុះសម្រុងនឹងគ្នា ឈានដល់លែងលៈតាមផ្លូវតុលាការ ប៉ុន្តែក្រោយមកក៏បានមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមនោះទេ។
ស្ត្រីជាភរិយាបានបន្តថា៖ ក្រោយមកខ្លួនទទួលដំណឹងថា៖ បុរសជាប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេ ដោយទៅប្រាប់ចៅសង្កាត់ថាខ្លួនពោះម៉ាយ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថានៅពោះម៉ាយ ដើម្បីមានសិទ្ធមករៀបការ។
ករណីនេះមានការភ្ញាក់ផ្អើលដល់ញាតិកូនក្រមុំ អ្នកស្រុកភូមិ អាជ្ញាធរមកដល់រោងការ ប៉ុន្តែពុំឃើញភាគីកម្លោះកូន១ ចេញមកដោះស្រាយគ្នាទេ ហើយអាជ្ញាធរក៏ចុះទៅជួយអន្តរាគមន៍ ទប់ស្កាត់កុំអោយមានអំពើហិង្សាណាមួយកើតឡើង។
ភាគីខាងប្រពន្ធមុនចង់អោយខាងប្តីចេញមកសម្របសម្រួលគ្នា ចំពោះបំណុលខ្ចីរួមគ្នាមានចំនួនជាង៣០លានរៀល និងលុយដុល្លារជា២មុឺនដុល្លារ ដែលបានរកសុីជុំគ្នាទិញលក់ត្រីកន្លងមក។
ស្ត្រីជាភរិយាបានបន្តថា៖ ពីមុនរស់នៅជាមួយគ្នា ហាក់មិនចុះសម្រុងមានរឿងរហូត ក៏ស្ម័គ្រចិត្តលែងលះគ្នា តែក្រោយមកពួកគាត់ក៏សម្រេចចិត្តចាប់ដៃគ្នា នៅរួមរស់ជាមួយគ្នាឡើងវិញ ។ ទោះមិនបានទៅយកសាលក្រម ក៏ពួកគាត់បង្កើតជាជីវិតគ្រួសារឡើងវិញ ទើបតែថ្មីៗដឹងដំណឹងថា៖ ប្តីចូលរោងការថ្ងៃនេះ ក៏ដឹកដៃកូនមកមើលប្តី ពិតជាចូលរោងការមែន ។ គាត់បន្តថា៖ បើជ្រុលជាឈានដល់ផ្លូវបែកជាលើកទី២ទៅហើយ វាជាទឹកបាក់ទំនប់ទៅហើយ ឃាត់មិនជាប់ ចឹងសូមត្រឹមតែទទួលខុសត្រូវរឿងប្រាក់បំណុលខ្ចីរួមគ្នា ក្នុងមុខរបរលក់ទិញត្រីស្មើគ្នា នឹងរៀបការចុះ ព្រោះប្រពន្ធអាចឃុំខ្លួនបងបាន តែមិនអាចឃុំចិត្តបងបានទេ..បងរៀបការចុះ តែរឿងបំណុលគិតជាមួយគ្នាអោយដាច់ស្រេចសិន៕
ដោយ៖ ស្អាងជ័យ