ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនឡើង​ ៥៦៥នាក់ ឆ្លង២៨២៦៦នាក់ និង​ជាង​១ពាន់នាក់ព្យាបានជាសះស្បើយ

ចែករំលែក៖

ប្រទេសចិន៖ គិតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ មានអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនឡើង ដល់ទៅ​៥៦៥នាក់ និង​ឆ្លងរាលដាល់ដល់ពលរដ្ឋ សរុប​២៨​៦៤៨នាក់។ ជាមួយគ្នានោះ ក៏មានមនុស្សជាង​១ពាន់នាក់បានជាសះស្បើយទាំងស្រុង បានវិលត្រឡប់ទៅផ្ទះ វិញហើយ​ គឺជាសញ្ញាវិជ្ជមាន​មួយ។

តាមតួលេខរបស់ គណៈកម្មការសុខាភិបាល ខេត្ត ហ៊ូប៉ី បានប្រកាសថា៖ ក្នុងថ្ងៃទី​៥ខែកុម្ភៈ មានអ្នកជំងឺស្លាប់​ដល់ទៅ​៧០នាក់​ និង ឆ្លង​រាលដាល​២៩៨៧នាក់ ក្នុងរយៈពេលតែមួយថ្ងៃ​។ សរុបអ្នក ស្លាប់នៅក្នុងខេត្ត​នេះមាន​៥៤៩ និងឆ្លង​១៩៦៦៥។
តាមតួលេខរបស់​មន្ទីរសុខាភិបាលខេត្តហ៊ូប៉ី បានបញ្ជាក់ថា៖ ទោះបីមានអ្នកស្លាប់ កើនឡើងគិតមួយថ្ងៃៗ ពី​៦៥នាក់នៅថ្ងៃទី​៤ ខែកុម្ភៈ ឡើងដល់​៧០នាក់ ថ្ងៃទី​៥ខែកុម្ភៈ ។ ចំណែកអ្នកឆ្លងវិញបានថយចុះ ដោយមានអ្នកឆ្លង៣១៦៥នាក់នៅថ្ងៃទី​៤ខែកុម្ភៈ ចំណែកថ្ងៃទី​៥ មានអ្នកឆ្លងតែ​២៩៨៧នាក់ប៉ុណ្ណោះ ។
ជំងឺកូរ៉ូណា​ផ្ទុះឡើងដំបូងគេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ។ ជំងឺនេះ​បានឆ្លងរាលដាលពាស់ពេញក្នុងតំបន់ និងជុំវិញពិភពលោក​សរុប​២៨ប្រទេស​មកទល់នឹងពេលបច្ចុប្បន្ននេះ ក្នុងនោះ​ប្រទេសចិន​​បានផ្ទុះករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត ។
គេហទំព័រ wikipedia បានផ្សាយថា ប្រទេសចិន​មានអ្នកឆ្លងជំងឺនេះសរុប ២៨ ០១៨នាក់ និងស្លាប់​កើនឡើង ៥៦៣នាក់ ហើយអ្នកជំងឺបានជាសះស្បើយវិញ​ចំនួន​១០០៥នាក់ ។

ប្រទេសជប៉ុន​មានអ្នកឆ្លងជំងឺនេះ​កើនឡើង​៣៥ករណី, សិង្ហបុរី​​ឆ្លងជំងឺនេះ​២៨ករណី ក្នុងនោះ ជាសះស្បើយ​១ករណី, ប្រទេសថៃ ឆ្លងជំងឺនេះ ២៥ករណី ជាសះស្បើយ៩នាក់, ហុងកុង​ឆ្លង​២១ករណី ក្នុងនោះស្លាប់​ម្នាក់, កូរ៉េខាងត្បូង​ឆ្លង​២៣ករណី ជាសះស្បើយ១ករណី, អូស្ត្រាលី១៤ករណី ជាសះស្បើយ​២ករណី, អាល្លឺម៉ង់​១២ករណី, ម៉ាឡេស៊ី​១២ករណី ក្នុងនោះ ជាសះស្បើយ១ករណី, សហរដ្ឋអាមេរិក​១២ករណី ជាសះស្បើយ១ករណី, តៃវ៉ាន់​ ឆ្លង១១ករណី, ម៉ាកាវ ១០ករណី, វៀតណាម១០​ករណី ក្នុងនោះ ជាសះស្បើយ​៣ករណី, បារាំង​មាន៦ករណី, អារ៉ាប៊ីសាអ៊ូឌីត​ឆ្លង​៥ករណី, កាណាដា​៤ករណី, ឥណ្ឌា៣ករណី, ហ្វីលីពីន ៣ករណី ក្នុងនោះ ស្លាប់១ករណី និងជាសះស្បើយ១ករណី, អ៊ីតាលី២ករណី, រុស្ស៊ី​២ករណី, អង់គ្លេស​២ករណី, ប៊ែលហ្ស៊ិក១ ករណី, កម្ពុជា​១ករណី, ហ្វាំងឡង់១ករណី ជាសះស្បើយ១ករណី, នេប៉ាល់​១ករណី, អេស្ប៉ាញ​១ករណី, ស្រីលង្កា​១ករណី ជាសះស្បើយ១ករណី, និងស៊ុយអែត​១ករណី ។
សរុបអ្នកជំងឺឆ្លង​ទាំងអស់​២៨ ២៦៦នាក់, បាត់បង់ជីវិត​៥៦៥នាក់ និងជាសះស្បើយ​១០២៥នាក់វិញផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print