ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែស្ត្រីជាប្រពន្ធមានកូនខ្ចីមិនអាចរួមដំណេកបាន ក៏លបចូលទៅក្នុងបន្ទប់របស់កូនស្រីប្តីដើមស្ត្រីជាប្រពន្ធ ធ្វើសកម្មភាពចាប់នាងពីក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេចត្រូវនារីជាកូនរើសបម្រះរត់គេចខ្លួនមកប្រាប់ស្ត្រីជាម្តាយប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាឪពុកចុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ករណីឪពុកចុងប៉ុនប៉ងរំលោភកូនប្តីដើមនេះបានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងនោះមានឈ្មោះ អឿន សំអុន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ ម .ករណ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ នារីរងគ្រោះត្រូវជាកូនរបស់ស្ត្រីជាប្រពន្ធជនសង្ស័យជាមួយនិងបុរសជាប្តីដើម បច្ចុប្បន្នរស់នៅផ្ទះជាមួយជនសង្ស័យ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុប្រមាណ១ខែស្ត្រីជាប្រពន្ធរបស់ជនសង្ស័យបានសម្រាលកូន ជាធ្វើឲ្យជនសង្ស័យមិនបានរួមដំណេកអស់រយៈពេលជាច្រើនខែមកហើយ ។ លុះមកដល់យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ជនសង្ស័យបានដេកនៅលើផ្ទះខាងក្រៅបន្ទប់ រីឯនារីរងគ្រោះដេកនៅក្នុងបន្ទប់ រហូតដល់យប់ជ្រៅជនសង្ស័យដេកមិនសុខចេះតែដើរទៅគោះទ្វារបន្ទប់របស់នារីរងគ្រោះជាច្រើនលើកច្រើនសារ គ្រានោះស្ត្រីជាប្រពន្ធបាននិយាយទៅជនសង្ស័យថា “ឯងទៅគោះទ្វាកូនធ្វើអីយប់ថ្មើនឹង ឯងចង់ជាប់គុកឬ ?” ។ ជាមួយគ្នានោះនារីរងគ្រោះក៏បានក្រោកដើរចេញពីក្នុងបន្ទប់ទៅដេកជាមួយបងប្អូនជីដូនមួយបាត់ទៅ រហូតដល់វេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៦ ខែ/ឆ្នាំដដែល ទើបនារីរងគ្រោះដើរចូលទៅផ្លាស់សម្លៀកបំពាក់នៅក្នុងបន្ទប់របស់ខ្លួនវិញ ខណៈនោះជនសង្ស័យជាឪពុកចុងបានលបចូលទៅចាប់នារីរងគ្រោះពីក្រោយដោយនិយាយថា “ធើម៉ែមិនកើត ធើកូនវិញម្តង” ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានឮដូច្នេះនារីរងគ្រោះបានព្យាយាមរើបម្រះស្រែកឆោឡោឡើងរត់ចេញពីក្នុងបន្ទប់ចុះដី ។ លុះដល់វេលាម៉ោង១៦ និង១០នាទី ថ្ងៃទី៦ ខែ/ឆ្នាំដដែល ស្ត្រីជាប្រពន្ធជនសង្ស័យបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ហើយសមត្ថកិច្ចនគរបាលក៏បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អឿន សំអុន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន៣លើករួចមកហើយពីបទ “ហិង្សាដោយចេតនា” ៕
ដោយ៖ ស្អាងជ័យ