ប្រទេសឥណ្ឌូនេស៊ី ៖ ឥណ្ឌូនេស៊ី ជាប្រទេសងាយរងការរញ្ជួយដីបំផុតនៅក្នុងតំបន់ ដោយសារតែប្រទេសនេះស្ថិតនៅក្នុង តំបន់ខ្សែក្រវាត់ភ្លើងនៃផែនដី ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍រញ្ជួយដី មួយ កើតឡើង ក្នុងទំហំ ៦.១រ៉ិចទ័រ នៅភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី ។
ភ្នាក់ងារ ភូមិសាស្ត្រ និងឧតុនិយមរបស់ ឥណ្ឌូនេស៊ី បានបញ្ជាក់ថា គ្រោះរញ្ជួយដី នេះ កើតឡើង បណ្តាលឲ្យញាប់ញ័រ នៅក្នុងខេត្ត North Sulawesi ភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី ។ ក៏ប៉ុន្តែ បើទោះជាបែបនោះក៏ពិតមែន វាមិនមិនបណ្តាលឲ្យ មានរលាកយក្សស៊ូណាមិ អ្វីឡើយ ។
ប្រភពស៊ីនហួ បានផ្សាយថា ៖ គ្រោះរញ្ជួយដី មួយលើកនេះ បានកើតឡើងនៅវេលាម៉ោង ២០និង ៤០នាទី យប់ (ម៉ោងនៅក្នុងតំបន់) ហើយថា ចំណុចកណ្តាល នៃការរញ្ជួយដីនេះ ស្ថិតនៅប្រហែល ១៦០ គីឡូម៉ែត្រ ភាគពាយព្យ ខេត្ត Meloguance ដោយមានជម្រៅ១០គីឡូម៉ែត្រ ពីក្រោមបាតសមុទ្រ ។
មន្ត្រីជំនាញបានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនចេញ ព្រមានអំពីរលាកយក្សស៊ូណាមិទេ ។ គ្រោះរញ្ជួយនេះ មួយដងនេះ មិនមានកម្លាំង រហូតដល់អាចបណ្តាលឲ្យមានរលកយក្សស៊ូណាមិកើតឡើងបានឡើយ»។
គួរជម្រាប ជូនថា ប្រទេសឥណ្ឌានេស៊ី នេះ តាមអ្នកជំនាញ លើកឡើងថា មានទីតាំងស្ថិតនៅចំណុច ដែលគេឲ្យឈ្មោះហៅថា «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ដែលមូលហេតុនេះហើយ ប្រទេសនេះ តែងតែកើតមាននូវគ្រោះធម្មជាតិ ជាពិសេស គ្រោះរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់បំផុត ៕
ដោយ៖ មែវ សាធី