ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន សំណូមពរអោយប្រជាពលរដ្ឋថែរក្សាបរិស្ថាន និងអនាម័យក្នុងសហគមន៍ ជាពិសេសបញ្ហាសំរាម និងការទុកដាក់កាកសំណល់ផ្សេងៗ ដើម្បីសុខភាពបងប្អូន ក៏ដូចជាកូនចៅផងដែរ ។
អភិបាលខណ្ឌចំការមនលោក ថេង សុថុលមានប្រសាសន៍ ខណ:នាំយកអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកជូនប្រជាពលរដ្ឋសហគមន៍រុងរឿង ចំនួន ៩៩គ្រួសារព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០នេះ។
លោក ថេង សុថុល ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ សហគមន៍រុងរឿងថា បងប្អូនសហគមន៍មិននៅឯការសូមបងប្អូនមានភាពកក់ក្តៅ ក្នុងនាមអាជ្ញាធរនឹងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋបេីទោះបីមានការលំបាកសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅរកជួបមន្ត្រីនៅតាមស្នាក់ការភូមិ ឬទៅជួបផ្ទាល់ជាមួយចៅសង្កាត់ ឬទៅរកស្នាក់ការគណបក្សប្រជាជន ដែលមន្ត្រី គឺនៅជួបជួយដោះស្រាយបញ្ហាជូន ទាន់ពេលវេលា។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដែលចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមានទីលំនៅក្នុងសហគមន៍ សាមគ្គីរុងរឿងចំនួន៩៩ គ្រួសារ ស្ថិតនៅក្នុងផ្លូវលេខ ៩៧ ភូមិ ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញដោយក្នុង ០១ គ្រួសារៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ០១យួរ មី ១កេស ត្រីខ ៤កំប៉ុង និងថវិកាមួយចំនួនផងដែរ ៕
ដោយ៖ ស រស្មី