ភ្នំពេញ៖ លោកចឹក ចាន់ថន ជាមន្រ្ដីបម្រើការងារនៃការិយាល័យអធិការកិច្ច ក្រសួងមហាផ្ទៃ បានរងនូវការចោទប្រកាន់ពីជនរងគ្រោះ ជាច្រើននាក់ ថាគាត់បានយកប្រាក់ពីពួកគេ ដើម្បីរត់ការប្រឡងជាប់ចូលក្របខណ្ឌរដ្ឋ ហើយបានចូលរៀននៅវិទ្យាស្ថានជាតិអប់រំ។
ជនរងគ្រោះឈ្មោះរៀន ឫទ្ធី និងឈ្មោះជ័យ រតនា ជាបុគ្គលិកគ្រូបង្រៀននៅខេត្តកោះកុង បានដាក់ពាក្យប្ដឹងទៅសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដើម្បី សុំឱ្យមានការជួយអន្តរាគមន៍ ចាត់វិធានការចំពោះបុគ្គលឈ្មោះចឹក ចាន់ថន ដែលបានយកលុយរបស់ពួកគេ ហើយមិនបានបំពេញកតព្វកិច្ចតាមកិច្ចសន្យា។ ក្នុងនោះបានលើកឡើងថា ឈ្មោះចឹក ចាន់ថន បានយកលុយពីពួកខ្លួនចំនួន២៤៥០០ដុល្លារ ដើម្បីរត់ការដូរគ្រូបង្រៀនចំនួន៥នាក់ ឱ្យមកបម្រើការនៅភ្នំពេញ និងរត់ការឱ្យនិស្សិត២២នាក់ ធានាឱ្យបានប្រឡងជាប់ក្របខណ្ឌរដ្ឋ ហើយចូលរៀនវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣។ ប៉ុន្តែមកទល់នឹងពេលនេះ ឈ្មោះចឹក ចាន់ថន មិនបានបំពេញកតព្វកិច្ចតាមការសន្យារបស់ខ្លួន ទើបពួកគាត់សម្រេចចិត្តប្ដឹងសុំជួយអន្តរាគមន៍ ទៅក្រសួងមហាផ្ទៃ។
ពួកគាត់បន្តថា កន្លងមកឈ្មោះចឹក ចាន់ថន ពេលរត់ការមិនមានលទ្ធផល ក៏បានថា នឹងប្រគល់ប្រាក់គ្រប់ចំនួនវិញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ប៉ុន្តែដល់ថ្ងៃកំណត់ ឈ្មោះនេះបែរជាព្យាយាមគេចវេស មិនព្រមគោរពតាមកិច្ចសន្យា។
នៅក្នុងការទទួលប្រាក់គឺឈ្មោះចឹក ចាន់ថន តែងតែធ្វើលិខិតទទួលប្រាក់ពីជនរងគ្រោះ និងមានសាក្សីច្បាស់លាស់ ដែលជាយុទ្ធសាស្រ្ដធ្វើឱ្យប្រជាពលរដ្ឋ មានទំនុកចិត្តទៅលើ គំនិតផែនការទុច្ចរិតរបស់ខ្លួន។ បញ្ហាទាំងនេះ គួរតែថ្នាក់លើពាក់ព័ន្ធ ឬសមីអង្គភាព មេត្តាចាត់វិធានការទៅលើបុគ្គលរូបនេះ កំពុងអនុវត្តខុសគោលការណ៍ ក្នុងនាមខ្លួនជាមន្រ្ដីរដ្ឋបាលមុខងារសាធារណៈ។
ពាក់ព័ន្ធករណីនេះនគរវត្តមិនអាចទាក់ទងបានទេ ពីលោកចឹក ចាន់ថន កាលពីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ដោយទូរស័ព្ទទាំង២ខ្សែ ដែលមានលេខ០១២ ២៥៩ ៣១៩ ណិង០៩៧ ៨៨ ៣០ ៥០១ ត្រូវបានបិទ។
គួររំលឹកថា កន្លងទៅ និងបច្ចុប្បន្នតែងតែមានប្រភេទក្រុមជនខិលខូច បង្កើតនូវគំនិតទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗគ្រប់មធ្យោបាយ ដូចជាករណីរត់ការឱ្យចូលក្របខណ្ឌរដ្ឋនេះផងដែរ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវៀងខាតបង់ថវិកា ពេលវេលាដោយសារតែប្រទេសជាតិគ្រប់គ្រងដោយច្បាប់ មិនអាចឱ្យមានអំពើពុករលួយ រត់ការ ឱ្យចូលក្របខណ្ឌបែបនេះទេ៕
ដោយ៖ សុខ ខេមរា