ស៊ីម៉ាក់រកឃើញនិងកម្ទេចគ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ទៀតនៅមាត់ស្ទឹងសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​ទៀត ត្រូវ​បាន​មន្ត្រី​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់​រាវរក​ឃើញ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃ សុក្រ ១៤ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​៧ កុម្ភ​:ឆ្នាំ២០២០ និងបានកម្ទេចចោលនៅរសៀលថ្ងៃដដែល នៅ​តាម​មាត់​ស្ទឹង​សង្កែ ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង​។
តាមប្រភពព័ត៌មានពីមន្ត្រី​ជំនាញ​នៃ​អង្គភាព​សកម្មភាព​កំចាត់​មីន​ទី​២ (CMAC-DU2) ដែល​បាន​ចុះ​ធ្វើការ​រុករក​យុទ្ធ​ភណ្ឌ​នេះ បានឱ្យ​ដឹង​ថា គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់ ដែល​មន្ត្រី​ជំនាញ​បាន​រក​ឃើញនេះ​មាន គ្រាប់​B-៤០​បាញ់​ចំនួន​២​គ្រាប់​, គ្រាប់​ធុន៩០៤​ចំនួន​១​គ្រាប់ និង​គ្រាប់​ធុន១០៥​ម​.​ម​ចំនួន​០១​គ្រាប់​។ គ្រាប់យុទ្ធភ័ណ្ឌទាំងនេះជា​សំណល់​ពីសម័យសង្គ្រាម​ដែលកប់​នៅ​ក្នុង​ដី​នៅ​តាម​ច្រាំង​ស្ទឹង​សង្កែ ហើយ​ត្រូវ​បាន​គ្រឿង​ចក្រ​កាយផុស​ឡើង និងត្រូវ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ប្រើ​ម៉ាស៊ីន​រាវរក​ឃើញជាបន្តបន្ទាប់ ​។

មន្រ្តីដដែល ​បញ្ជាក់​ថា ​រយ​:​ពេល​ជាង​១​ស​ប្ដាហ៍​កន្លង​ទៅ​នេះ អង្គាភាពកម្ចាត់មីនស៊ីម៉ាក់បានរកឃើញក្បាល​គ្រាប់ និងគ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ប្រភេទជា​បន្តបន្ទាប់​ចាប់តាំងពី​អាជ្ញាធរ​ខេត្តបាត់ដំបង ប្រើ​ប្រាស់​គ្រឿងចក្រ​កាយ​ដី​កែ​លម្អ​ច្រាំង​ស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ កាក​សំណល់​សង្គ្រាម​ ដែល​រក​ឃើញ​ទាំងនោះ ត្រូវ​បាន​អង្គភាព​ស៊ី​ម៉ាក​់រៀបចំ​កម្ទេចចោលនៅ​នឹង​កន្លែង​តែ​ម្ដង ដោយ​សារ​គ្រាប់ទាំងនោះ​​អាច​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ និងមិន​អាច​ចល័ត​ចេញពី​ទីតាំង​នេះទៅកន្លែងផ្សេងបានទេ ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print