ស្មើភាពគ្នា..! មិនថារថយន្តពាក់ស្លាកលេខរដ្ឋ ខម នគរបាលនោះទេ សមត្ថកិច្ចខណ្ឌទួលគោក បន្តចុះចាក់សោរកង់រថយន្ត ដែលចតលើចិញ្ចើមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា សកម្មភាពយ៉ាងសកម្មរបស់សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក តែងតែចុះអនុវត្តច្បាប់ចរាចរណ៍គួរឲ្យកត់សម្គាល់ ខណមន្រ្តីទាំងនោះអនុវត្តច្បាប់មិនប្រកាន់បក្ខពួក សូម្បីតែរថយន្តស៊េរីទំនើបប្រភេទណាក៏ដោយ និងរថយន្តពាក់ស្លាកលេខ ខ.ម ; នគរបាល ;រដ្ឋ ដែលចតលើចិញ្ចើមផ្លូវ គឺសមត្ថកិច្ចចុះចាក់សោកង់រថយន្ត រួចអូសយកមករក្សាទុក ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមនីតិវិធី ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរឯកស័ក ព-ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវ ដោយបានដាក់ខ្នោះរថយន្តដែលចតខុសទិស និងស្លាកសញ្ញាណហាមចតចំនួន៥គ្រឿង ដើម្បីធ្វើការអប់រំនិងពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ។

មន្ត្រីនគរបាលខណ្ឌទួលគោក ដែលចុះទៅអនុវត្តការងារខាងលើនេះ បានបញ្ជាក់ថា ដោយមានបញ្ជាពីលោកវរៈសេនីយឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ឲ្យលោកវរសេនីយ៍ទោ ជិន រតនះ អធិការរងនគរបាលខណ្ឌ បានដឹកនាំកម្លាំងនគរបាលខណ្ឌទួលគោក និងដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកល្អក់ទី៣ និងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវមួយចំនួន ក្នុងនោះមានដូចជា ផ្លូវលេខ២៣០ និងផ្លូវ២២៣ និងផ្លូវ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ និងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក ។ ក្នុងការអនុវត្តការងារនេះ កម្លាំងមានសមត្ថកិច្ចបានធ្វើការអប់រំម្ចាស់អាជីវករដែលលក់ដូរលើទ្រូងផ្លូវលេខ២៣០ ត្រូវលក់ចូលក្នុងផ្ទះរបស់គាត់ និងឈប់យកមធ្យោបាយមកចតលើទ្រូងផ្លូវនាំឲ្យកកស្ទះចរាចរណ៍ និងធ្វើការអប់រំគាត់តាមច្បាប់ចរាចរណ៍ផ្លូវគោក ។

ជាលទ្ធផល នៅលើផ្លូវលេខ២៣០ ក្នុងសង្កាត់ទឹកល្អក់ទី៣ កម្លាំងសមត្ថកិច្ចស្ទូចរថយន្ត១គ្រឿងចតខុសទិស និងស្លាកសញ្ញាណហាមចតលើផ្លូវលេខ២៥៣ ផ្លូវលេខ២៣០ ដោយចាក់សោខ្នោះរថយន្តចំនួន៤គ្រឿង សរុបចំនួន៥គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំ និងពិន័យតាមច្បាប់ ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print