ភ្នំពេញ៖ ជនបរទេសដែលដួលសន្លប់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានដឹងខ្លួនឡើងវិញហើយ និងបានធ្វើដំណើរទៅព្រលានយន្តហោះ នៅមុននេះបន្តិច នាវេលាម៉ោង១២ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈគាត់មិនមែនពាក់ព័ន្ធនឹងជំងឺវីរុសកូរ៉ូណានោះឡើយ។ តែសោកស្តាតត្រង់ឧកញ៉ា ឌួង ឆាយ និង ឧកញ៉ា ហ៊ួត ជា បង្ហោះលើ Facebook របស់ពួកគាត់ ផ្សាយព័ត៍មាន អោយជ្រួលច្របល់ មានការច្រឡំរឿងផ្សេងពីខ្យល់គរ ទៅលើការព្រួយករណីវីរុសកូរ៉ូណា។
គេបានរាយការណ៍អោយដឹងថា៖ ជនបរទេសម្នាក់ ដែលដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកមិញនោះ ពេលនេះបានដឹងខ្លួនឡើងវិញហើយ ដោយបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះជាថ្មីទៀត ដើម្បីចាកចេញពីកម្ពុជា ហោះទៅកាន់ប្រទេសម៉ាឡេស៊ី។ នេះបើតាម លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃនេះ។
លោកបន្តថា៖ ជនបរទេសនេះ មានឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen) បានដួលសន្លប់នៅព្រលានយន្តហោះវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ហើយអ្នកខ្លះទៀតបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយបំភ្លៃថា ជាអ្នកជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់សារពព័ត៌មាន ឱ្យដឹងថា ៖ ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល សូមប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ការដួលសន្លប់នេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅកម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណាតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសនេះ ពុំមានឃើញមេរោគកូរ៉ូណាទៀតឡើយ។
អ្នកមានសំដីអត់គ្រប គឺឧកញ៉ា ឌួង ឆាយ និង ឧកញ៉ា ហ៊ួត ជា បង្ហោះលើ Facebook របស់ពួកគាត់ បង្កើតជាបញ្ហាធ្វើអោយមជ្ឈដ្ឋានមួយចំនួនធំសង្ស័យរឿងផ្សេងក្រៅពីអាការៈខ្យល់គរ ហើយធ្វើអោយសមត្ថកិច្ច ជំនាញ ពិសេសខាងក្រសួងសុខាភិបាលបកស្រាយជាបន្ទាន់ជូនជនរួមជាតិ។ ប៉ុន្តែឧកញ៉ា ឌួង ឆាយ និង ឧកញ៉ា ហ៊ួត ជា បង្ហោះលើ Facebook របស់ពួកគាត់ គួរយល់ដឹងថា៖ បញ្ហារឿងជម្ងឺវីរុសកូរ៉ូណា ជារឿងបញ្ហារសើបបំផុត ដែលត្រូវប្រុងប្រយ័ត្ន បើខ្លួនមិនដឹងព័ត៌មានច្បាស់ មិនដឹងមូលហេតុអាការៈ ជនរងគ្រោះទេ គួរកុំបង្កើតព័ត៌មានបំពុល ដោយសារផុយស្រួយបំផុតសម្រាប់ធ្វើអោយជនឆក់ឱកាសនិយម ក្រុមប្រឆាំងផ្កាប់មុខ ក្រុមជនទុច្ចរិត អាចនឹងយកដំណឹងមិនច្បាស់លាស់នេះទៅបំភ្លើស បំប៉ោង ស៊ែរចែករំលែក បង្កើតជាព័ត៌មានប្រឌិតបំពុលសង្គម ក៏អាចថាបាន។ បច្ចុប្បន្នរដ្ឋាភិបាល ,ក្រសួងព័ត៌មាន , សារព័ត៌មាន បានខិតខំធ្វើព័ត៌មាន«ស្អាត» ប្រយោជន៍លុបបំបាត់ ព័ត៌មានក្លែងក្លាយ៕
ដោយ៖ សុខ ខេមរា