ខេត្តត្បូងឃ្មុំ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់បានធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែង ចំនែកស្ត្រីម្នាក់បានរងរបួសស្រាលបន្ទាប់ពីគាត់បានព្យាយាមយកកាកសំណល់ថ្មពិលកិនលាយជាមួយធ្យូងធ្វើគ្រឿងផ្ទុះតែមិនទាន់សម្រេចផងក៏ ផ្ទុះឡើងបណ្តាលអោយស្លាប់ និងរងរបួសតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឆាន យ៉ាត អាយុ៥៧ឆ្នាំ និងមានប្រពន្ធឈ្មោះ ហ៊ូ សី អាយុ ៥៥ ឆ្នាំរងរបួស ស្រាល ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមការរៀបរាប់របស់អ្នកស្រី ហ៊ូ សី បានអោយដឹងថា ប្តីរបស់គាត់តែងប្រមូលថ្មពិលចាស់ៗមករក្សាទុកលុះដល់ថ្ងៃកើតហេតុគាត់បានយកធ្យូង និងថ្មពិលនោះមកកិនលាយបញ្ចូលគ្នាដោយប្រើត្បាល់កិនម្សៅ ស្រាប់តែមានអណ្តាតភ្លើងឆាប់ឆេះ និងផ្ទុះឡើងតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងសាក់សួរជុំវិញករណីខាងលើនេះ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
ដោយ៖ សុខ ខេមរា