ប្រទេសចិន៖ រដ្ឋាភិបាលចិនបានប្រកាសថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ថយចុះនៅក្នុងតំបន់នានាក្រៅពី ទីក្រុង ហ៊ូប៉ី។ ប៉ុន្តែប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេ Tedros Adhanom Ghebreyesus បានព្រមានថា ការឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV នៅក្រៅប្រទេសចិនទំនងជាអាចមានចំនួនច្រើន លើសតួលេខផ្លូវការ ព្រោះតែការមិនទាន់រកឃើញ។
សារព័ត៌មាន Channel news Asia បានដកស្រង់សម្តីដលោក Ghebreyesus បានសរសេរនៅលើបណ្តាញសង្គម Twitter លោកកំពុងតែព្រួយបារម្ភ ចំពោះការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ដែលពុំធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសចិន ពោលគឺករណីឆ្លងក្នុងស្រុកផ្ទាល់ នៅតាមប្រទេសដែលមានករណីវីរុសកូរ៉ូណាថ្មី 2019-nCoV។ បើតាមលោកប្រធានអង្គការសុខភាពពិភពលោក ការរកឃើញករណីបែបនេះ ទោះមានចំនួនទាបក្តី ក៏វាអាចមានន័យថា ការឆ្លងវីរុសនៅក្រៅប្រទេសចិន តាមពិតអាចរាលដាលច្រើនជាងការរកឃើញ។
គួរជម្រាបថា នៅក្រៅប្រទេសចិន ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាង ៣៥០ករណី ត្រូវបានរាយការណ៍នៅតាមប្រទេសជិត ៣០ទៀតជុំវិញពិភពលោក ហើយមានករណីស្លាប់ម្នាក់នៅហ្វីលីពីន។ ករណីវីរុសនៅតាមប្រទេសទាំងនោះ ភាគច្រើនគឺជាករណីប្រជាជនចិន ឬអ្នកធ្វើដំណើរពីចិន ជាពិសេសពីទីក្រុង វូហាន (Wuhan) និងខេត្ត ហ៊ូប៉ី (Hubei) ប៉ុន្តែក៏មានករណីឆ្លងគ្នា នៅក្នុងប្រទេសទាំងនោះផ្ទាល់ផងដែរ។
តាមរយៈសម្តីរបស់ លោក Ghebreyesus ខាងលើ លោកចង់មានន័យថា តួលេខដែលយើងកំពុងមើលឃើញ ប្រហែលគ្រាន់តែមួយចំណែកតូច នៃការឆ្លងរាលដាលពិតប្រាកដ នៅក្នុងប្រទេសទាំងអស់នោះប៉ុណ្ណោះ ហេតុដូច្នេះការពិនិត្យ និងប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី គួរតែត្រូវបានបង្កើនឲ្យខ្លាំងក្លា ជាងនេះទៅទៀត។
នៅពេលនេះគណៈកម្មការសុខាភិបាលចិនបានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅតាមបណ្តាខេត្ត និងតំបន់នានាក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនធ្លាក់ចុះ នៅក្នុងរយៈពេល ៦ថ្ងៃជាប់ៗគ្នា ដែលនេះជាក្តីសង្ឃឹមមួយក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសផ្លូវការដង្ហើមដ៏កាចសាហាវមួយនេះ នៅទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមរបាយការណ៍ថ្មី ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅតាមបណ្តាខេត្ត និងតំបន់ក្រៅពីខេត្ត Hubei បានកើនឡើងបន្ថែម ៤៤៤នាក់ទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាចំនួនធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលនៃការអង្កេត ០៦ថ្ងៃជាប់ៗគ្នា ឬស្មើនឹងការធ្លាក់ចុះជាងពីរដង បើធៀបនឹងថ្ងៃចន្ទដើមសប្តាហ៍មុន ដែលមានអ្នកឆ្លងថ្មីៗរហូតដល់ចំនួន ៨៩០ករណីនៅតំបន់នានាក្រៅពីខេត្ត Hubei។
សម្រាប់តួលេខជាក់លាក់នោះ គឺកាលពីសប្តាហ៍មុននេះថ្ងៃចន្ទមានករណីឆ្លងថ្មី ៨៩០ករណី, ថ្ងៃអង្គារ ៧៣១ករណី, ថ្ងៃពុធ ៧០៧ករណី, ថ្ងៃព្រហស្បតិ៍ ៦៩៦ករណី, ថ្ងៃសៅរ៍ ៥៥៨ករណី, ថ្ងៃសៅរ៍ ៥០៩ករណី និងថ្ងៃអាទិត្យម្សិលមិញនេះ ៤៤៤ករណី។
គួរបញ្ជាក់ថា សម្រាប់តួលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរចិន នៅព្រឹកថ្ងៃចន្ទនេះមនុស្សសរុប ៩០៨នាក់បានស្លាប់ និង ៤០,១៧១ឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) នៅតាមបណ្តាខេត្តព្រមទាំងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នៅក្នុងទីក្រុង វូហាន (Wuhan) ដែលជាចំណុចផ្ទុះដំបូង និងខ្លាំងបំផុតនៃវីរុសកូរ៉ូណាថ្មីនោះ អាជ្ញាធរកំពុងតែអំពាវនាវឲ្យប្រជាជនដែលសង្ស័យថា ខ្លួនមានផ្ទុកវីរុសកូរ៉ូណាថ្មី ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាល។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរបានផ្សាយថា អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបានជះសះស្បើយពីវីរុសកូរ៉ូណាថ្មី និងចាកចេញពីមន្ទីរពេទ្យនោះមានចំនួនសរុប ៣,២៨១នាក់ហើយ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជាសះស្បើយរហូតដល់ ៦៣២នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ក្នុងនោះ ៣៥៦នាក់នៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan)។
គួរបញ្ជាក់ថា សម្រាប់តួលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរចិន នៅព្រឹកថ្ងៃចន្ទនេះមនុស្សសរុប ៩០៨នាក់បានស្លាប់ និង ៤០,១៧១ឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) នៅតាមបណ្តាខេត្តព្រមទាំងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នៅក្នុងទីក្រុង វូហាន (Wuhan) ដែលជាចំណុចផ្ទុះដំបូង និងខ្លាំងបំផុតនៃវីរុសកូរ៉ូណាថ្មីនោះ អាជ្ញាធរកំពុងតែអំពាវនាវឲ្យប្រជាជនដែលសង្ស័យថា ខ្លួនមានផ្ទុកវីរុសកូរ៉ូណាថ្មី ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាល។
ជាមួយគ្នានេះក្រុមអ្នកជំនាញខាងឧស្សាហកម្មរថយន្ដ បានព្រមានថាចិន អាចនឹងខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន នៅក្នុងប្រទេស បានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។
បើតាមអ្នកជំនាញដូចជាលោក Michael Dunne ដែលជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកឧស្សាហកម្មរថយន្ដអាស៊ី ZoZo Go ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ដែលមាន រោងចក្រនៅក្នុងប្រទេសចិន បានឱ្យដឹងថា ពួកគេគ្រោងនឹងបើករោងចក្រឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែមានក្រុមហ៊ុនខ្លះអាចនឹងបន្តបិទទ្វាររោងចក្ររបស់ខ្លួន ជាបណ្ដោះអាសន្នយូរជាងនេះក៏ថា ស្របពេលការស្លាប់ និងការឆ្លងវីរុសដូចជាមិនទាន់មានភាពធូរស្រាលទាល់តែសោះ។
លោក Dunne បន្ថែមថា ការបិទទ្វាររោងចក្រ នៅក្នុងប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ដធំៗ អាចនឹងធ្វើឱ្យចិនខាតបង់ការផលិតរថយន្ដមួយលានគ្រឿង ហើយវាអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅតាមរយៈ ពេលនៃការបិទរោងចក្រ៕
ដោយ៖ មែវ សាធី