ប្រទេសអ៊ីរ៉ង់៖ មន្ទីរបង់តាហ្គូន បាន ធ្វើបច្ចុប្បន្នភាពឡើងវិញ នូវកងកម្លាំង យោធា របស់ខ្លួន ដែលរងរបួស ខួរក្បាលធ្ងន់ធ្ងរ កើនឡើងចំនួន ១០៩នាក់ ដោយសារការវាយប្រហារដោយមីស៊ីល របស់អ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់ នោះ ។
ក្រសួង ការពារជាតិ សហរដ្ឋអាមេរិក (DoD) កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា៖ យ៉ាងតិច កម្លាំងយោធាអាមេរិក ១០៩នាក់ បានធ្វើរោគវិនិច្ឆ័យ រកឃើញប៉ះពាល់ធ្ងន់ធ្ងរ ផ្នែកខួរក្បាល (TBI) ដោយសារតែការវាយប្រហារ របស់ អ៊ីរ៉ង់ ។
ក្រសួង ការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា កងកម្លាំង ទាំងនោះចំនួន ៧៦នាក់ បានវិលត្រឡប់ ទៅកាន់ តួនាទី បំពេញភារកិច្ចដូចដើមវិញហើយផងដែរ ។
សេចក្តីថ្លែងការណ៍បន្តទៀតថា «មកដល់ពេលនេះ យោធាអាមេរិក ១០៩នាក់ បានធ្វើរោគវិនិច្ឆ័យ ឃើញមានបញ្ហាធ្ងន់ធ្ងរនៅត្រង់ខួរក្បាល ឬ mTBI ហើយមានការកើនឡើងចំនួន ៤៥នាក់ទៀត ពីចំនួន កាលពីលើកមុន ដែលបានផ្សព្វផ្សាយ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ អ៊ីរ៉ង់ បានវាយប្រហារ ដោយប្រព័ន្ធមីស៊ីល យ៉ាងតិច ២៣គ្រាប់ ទៅលើ ទីតាំង បន្ទាយយោធាជើងអាកាសអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ ដែលអីរ៉ង់អះអាងថា ជាការវាយប្រហារសងសឹក ទៅលើអាមេរិក ដែលបានសម្លាប់ មេទ័ពអ៊ីរ៉ង់ មួយរូប Qasem Soleimani ។
កងកម្លាំង យោធា អាមេរិក ក្រោមការបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាទៀប ភ្លឺ បានវាយប្រហារ តាមយន្តហោះដ្រូន ទៅលើក្បួនរថយន្ត មេទ័ពអ៊ីរ៉ង់ រូបនោះ រួមជាមួយមន្ត្រី ដទៃផ្សេងទៀត បណ្តាលឲ្យស្លាប់ នៅជិតអាកាសយានដ្ឋានទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ៕
ដោយ៖ ថាច់ យ៉ាត