ចិនស្នើអាមេរិកប្រកួតប្រជែងដោយស្មើភាព លើបច្ចេកវិទ្យា ឈប់វាយប្រហារ លើក្រុមហ៊ុនចិន

ចែករំលែក៖

ប្រទេសចិន៖ ប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធបច្ចេកវិទ្យារបស់ចិនរីកចំរើនយ៉ាងខ្លាំង  ធ្វើឲ្យអាមេរិកកាន់តែបារម្ភ ខា្លចចិនគ្រប់គ្រងបច្ចេកវិទ្យាទាំងអស់នៅលើពិភពលោក ។ កត្តាទាំងនោះហើយបានជាអាមេរិក វាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ក្នុងនោះមាន ហួវាយជាដើម។
នៅពេលនេះ ក្រុងប៉េកាំងស្នើឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ប្រឆាំងនឹងចិន ។ អាមេរិកគួតែមានការប្រកួតប្រជែងដោយស្មើភាពគ្នា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា៖ ចិនគឺជាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា និងស៊ើបការណ៍សំងាត់ ពីសំណាក់សហរដ្ឋអាមេរិក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ទង្វើបែបនេះជាបន្ទាន់។
សេចក្តីថ្លែងការណ៍ខាងលើរបស់លោក Geng Shuang ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់សមាជិក៤រូប នៃកងទ័ពរំដោះប្រជាជនចិន ពីបទវាយប្រហារតាមព័ត៌មានវិទ្យា ឬ Hack ប្រឆាំងនឹងក្រុមហ៊ុន Equifax កាលពីឆ្នាំ២០១៧។ ប៉ុន្តែក្រសួងការបរទេសចិន បានចេញមកបញ្ជាក់ថា រដ្ឋាភិបាល និងយោធាចិន មិនបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋបែបនេះឡើយ។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុម Hackers មួយចំនួនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បានព្យាយាមលួចយក ទិន្នន័យសំងាត់ជាច្រើន ដើម្បីយកទៅប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ បើទោះជាចិនបានបដិសេធក៏ដោយ។ ម្យ៉ាងវិញទៀត តាមរយៈការចោទប្រកាន់នេះ សហរដ្ឋអាមេរិក ក៏បានដាក់ចេញផងដែរនូវវិធានការរឹតត្បិត យ៉ាងខ្លាំងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ជាមួយការអំពាវនាវដល់ប្រទេសដទៃទៀត ឲ្យគាំទ្រការដាក់ទណ្ឌកម្មរបស់ខ្លួន និងចោទប្រកាន់ក្រុមហ៊ុនយក្សមួយនេះ ថាជាចារកម្មសម្ងាត់របស់ចិន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print