សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA

ចែករំលែក៖

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មាន ការ សោក ស្ដាយចំពោះ សេចក្ដី សម្រេច ដ៏អយុត្តិធម៌ របស់គណៈ កម្ម ការ អឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃ ប្រព័ន្ធអនុ គ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃ បទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។
ទស្សនាទាន ស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុង បទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែល ផ្តើម ចេញ ពី ការ ភាន់ ច្រឡំ និងការ យល់ខុស អំពី តថភាពជាក់ស្តែងនៅកម្ពុជា ត្រូវ បា នយកមក ប្រើប្រាស់ តាម ទំនើង ចិត្ត ដើម្បី ចាប់ផ្តើមនីតិវិធីដកប្រព័ន្ធ អនុ គ្រោះពន្ធពីកម្ពុជា។
បើទោះជាផ្អែកលើ គុណតម្លៃ និង គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ របស់ សហភាពអឺរ៉ុប ក៏ដោយ ក៏សេចក្តី សម្រេចនេះ ត្រូវបានជំរុញដោយហេតុផល នយោបាយ ដោយគ្មាន ការពិចារណាប្រកប ដោយ កត្តា សត្យានុម័ត និង ភាព មិន លំអៀង ។ កត្តា ទាំងពីរ នេះ គឺ ជា គោល ការណ៍ គ្រឹះ ដែលស្ថាប័ន អន្តរជាតិ តួយ៉ាង ដូចជា គណៈ កម្មការ អឺរ៉ុប ត្រូវតែ ប្រកាន់ខ្ជាប់ខ្ជួន ។ សេចក្តី សម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែល យើង ប្រៀបធៀប ប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹង ដៃគូ ពាណិជ្ជកម្មដទៃទៀត។ ទោះបី ជា សេចក្តីសម្រេចនេះបាន ទទួល ស្គាល់ “ វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននៅក្នុង វិស័យ ជាច្រើន ក្នុងការ ឆ្លើយតបទៅនឹង ក្តី កង្វល់របស់ គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេច នេះ ពុំ បាន ទទួល ស្គាល់ និង គោរព បញ្ហា ជាមូលដ្ឋាន នៃ អធិបតេយ្យ របស់ កម្ពុជា ដែល ពុំ មែន ជាកម្មវត្ថុ នៃ ការ ចរចា ប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុ នៃ ការ ផ្លាស់ប្តូរដើម្បីជំនួយ អភិវឌ្ឍន៍នោះឡើយ ។ រាជរដ្ឋាភិបាល កម្ពុជាប្រកាន់ យ៉ាងម៉ឺងម៉ាត់ នូវ ជំហរ គោលការណ៍ ក្នុងកា រ បដិសេធ រាល់ ការប៉ុនប៉ង ដោយ ដៃគូ ខាងក្រៅ ក្នុង ការ ប្រើ ប្រាស់ ពាណិជ្ជកម្ម ឬ ជំនួយ អភិវឌ្ឍន៍ ដើម្បីជា លេសក្នុងការ ជ្រៀតជ្រែក ចូល កិច្ច ការ ផ្ទៃក្នុង របស់ កម្ពុជា។
លើកលែង តែ ដំណើរ ការ នៃនីតិវិធីតុលាការមួយ គត់ដែល កំពុង ត្រូវបាន អនុវត្ត ដោយ អនុលោម យ៉ាង ពេញលេញ តាម ច្បាប់កម្ពុជា និងស្ថិត នៅក្រោម យុត្តាធិការ នៃ អំណាច ឯករាជ្យ និង អធិបតេយ្យ របស់ កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមាន របស់ រាជ រដ្ឋាភិបាលកម្ពុជាដែល បាន ស្តែងចេញ ក្នុង ដំណាក់ កាល នៃកិច្ច សន្ទនា គឺមាន ខ្លឹមសារ គួរឱ្យ កត់សម្គាល់លើស ពី អ្វី ដែល ជា ក្តី កង្វល់ របស់ សហភាពអឺរ៉ុប ទៅទៀត។ ដោយឡែកចំពោះ បញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល       គណៈកម្មការ អឺរ៉ុបបានទទួលស្គាល់ថាមានវឌ្ឍនភាពជាក់លាក់ នោះ ក៏ រាជរដ្ឋាភិបាលនៅតែ បន្ត ដោះស្រាយកង្វះខាតនានា ដែលនៅសេសសល់បន្ថែម ទៀតដែរ ។
ចំពោះលំហនយោបាយវិញ រាជ រដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង តាម ដែល អាច ធ្វើ ទៅបាន ប្រកបដោយ ភាពស្មោះត្រង់   លើកលែងតែសកម្មភាពទាំងឡាយ ណាដែលប៉ះពាល់នឹង អធិប តេយ្យជាតិប៉ុណ្ណោះ។ ដើម្បីទុក ជា កំណត់ ហេតុ និងឈរលើ គោលការណ៍ តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជា តែងតែ ប្រកាន់ខ្ជាប់ នូវ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន ២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយ បង្អស់ នៅឆ្នាំ ២០១៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានអង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក និងសមាគម ដែលបានចុះបញ្ជីចំនួន ៥.៤៤១ ស្ថាប័នសារព័ត៌មានចំនួន ៨០០ សារព័ត៌មានអនឡាញចំនួន ៧០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២២ និងស្ថានីយ៍វិទ្យុចំនួន ៣៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែបីគត់នៅអាស៊ាន ដែលបាន ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូល ទាំង ៨ ក្នុងវិស័យ ការងាររបស់អង្គការ ពលកម្ម អន្តរជាតិ (ILO) ដែល អនុញ្ញាត ឱ្យ កម្មករមានសហជីព ចុះ បញ្ជីដល់ទៅ ៥.០៤៥ ។ តួលេខទាំងអស់នេះមិនមែនគ្រាន់តែជាស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវា ជា “ ភស្តុតាងយ៉ាងច្បាស់” ថា ប្រជាជនកម្ពុជានៅពេលនេះកំពុង ទទួលអំណរ ជាមួយ នឹង សេរីភាពនយោបាយ លំហសង្គមស៊ីវិល និងសេរីភាពដែលគ្មានសេចក្តី រំខាន ។
ទោះបីជាមាន សេចក្តីសម្រេច របស់ គណៈកម្មការ អឺរ៉ុបលើបញ្ហាពាណិជ្ជកម្ម នេះក្តី កម្ពុជានៅតែមាន ការ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតី នៃការគោរព និងការទទួល ផលប្រយោជន៍ ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មី ពីបំណង ប្រាថ្នា យ៉ាងមុតមាំរបស់ ខ្លួន ក្នុង ការ បន្តអនុវត្ត តាម ប្រព័ន្ធ ប្រជាធិបតេយ្យសេរីពហុបក្សនៅ ក្នុងតំបន់។
ថ្ងៃ ពុធ ៤រោច ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print