ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម នៅទីស្ដីការក្រសួង ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិការដែល AFD ក៍ដូចជាសហគមន៍អឺរុប (EU) បាន និងកំពុងគាំទ្រលើគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា (WAT4CAM) ជំហានទី ១ ដែលមានទំហំវិនិយោគ 79 លានអឺរូ ។
ទន្ទឹមនឹងនេះដែរ ដើម្បីបន្តកិច្ចដំណើរការជំហានទី២ ភាគីទាំងពីរបានផ្តោតលើការរៀបចំគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តសៀមរាប ,ព្រះវិហារ ,បាត់ដំបង ,កំពង់ធំ និងខេត្តកណ្តាល ដែលគ្រោងថវិកាប្រមាណ៧០លានអឺរូ ។
លើសពីការគ្រោងទុកនេះ ក៏បានលើកពីចំណាប់អារម្មណ៍ លើគម្រោងស្តារស្ទឹងស្វាយចេក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គ្រោងថវិកាប្រមាណ៤០ លានអឺរ៉ូ និងគម្រោងស្តារស្ទឹងចាស់ ក្នុងខេត្តបាត់ដំបង ដែលគ្រោងថវិកាប្រមាណ២៥ លានអឺរូ ព្រមទាំងគម្រោងអាទិភាពក្នុងការដោះស្រាយទឹកមួយចំនួនទៀតផងដែរ ៕