ខេត្តសៀមរាប: យុវជនម្នាក់ជិតដល់ថ្ងៃចូលរោងការទៅហើយ បែរជាជួបគ្រោះអកុស លបាក់ដីសង្កត់លើបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈនាំគូដណ្តឹងស្រីទៅជីកដីដំបូកធ្វើឡដុតធ្យូងក្នុងព្រៃឆ្ងាយពីផ្ទះជាង១គីឡូម៉ែត្រ ។
គ្រោះអកុសលនេះកើតឡើងកាលពីព្រឹកថ្ងៃ ពុធ ៤ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកស្រស្នំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជ្រាបចាស់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នរស់នៅក្បែរកន្លែងកើតហេតុ។ មុនពេលកើតហេតុជនរងគ្រោះ បាននាំគូដណ្តឹងរបស់ខ្លួន ដែលគ្រោងនឹងរៀបការនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ខាងជើងភូមិចម្ងាយជាង ១០០០ម៉ែត្រ ។
ជនរងគ្រោះកំពុងជីកដីដំបូកនោះ ស្រាប់តែដីដំបូកមួយផ្ទាំងធំទម្ងន់មិនតិចជាង១តោនបានបាក់ធ្លាក់សង្កត់លើជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ទោះបីពេលនោះគូដណ្តឹងប្រឹងកាយដីចេញដើម្បីជួយសង្រ្គោះអនាគតជាប្តីខ្លួនយ៉ាងណាក៏ដោយក៏ជួយមិនទាន់ដែរ ។
ក្រោយកើតហេតុដំណឹងនេះឮដល់សមត្ថកិច្ចជំនាញក៏បានចុះទៅធ្វើការពិនិត្យ និងធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាដីដំបូកសង្កត់បណ្តាលឲ្យស្លាប់ប្រាកដមែនហើយក៏បាន ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី