លោកត្រាំទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពីម៉ិចស៊ីកូ យ៉ាងមានប្រសិទ្ធិភាព

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ការអនុវត្តគោលនយោបាយទប់ស្កាត់ជនអន្តរប្រវេសន៍ឆ្លងដែនខុសច្បាប់ ពីម៉ិចស៊ីកូ ចូលទឹកដីអាមេរិករបស់លោកត្រាំ បង្ហាញពីប្រសិទ្ធិភាពហើយ ដោយមកទល់ពេលនេះ អាចទប់ស្កាត់ជនអន្តោប្រវេសន៍បានដល់ទៅ ៧៥ភាគរយ ។
សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានដកស្រង់សម្តី រដ្ឋមន្ត្រីការបរទេសមិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានបញ្ជាក់ថា ចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ព្រំដែនអាមេរិក-មិចស៊ីកូក្នុងរយៈពេល ០៩ខែកន្លងមកនេះ បានធ្លាក់ចុះរហូតដល់ ៧៤.៥% បន្ទាប់ពីមានកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍រវាងប្រទេសទាំងពីរ។
កាលពីខែមករា ដើមឆ្នាំ២០២០ ចំនួនជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ មានត្រឹមតែ ៣៦.៦៧៩នាក់ប៉ុណ្ណោះ ដែលនេះជាតួលេខដែលបានធ្លាក់ចុះទាបបំផុត បើប្រៀបធៀបនឹងចំនួនជនអន្តោប្រវេសន៍កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដែលមានចំនួនរហូតដល់ ១៤៤,១១៦នាក់ ត្រូវបានកត់ត្រាដោយអាជ្ញាធរមិចស៊ីកូ។
គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយសារតែចំនួនជនអន្តោប្រវេសន៍ ដែលបានឆ្លងព្រំដែនបានឈានទៅដល់ចំនួនខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យឲ្យរដ្ឋាភិបាលមិចស៊ីកូ ចាត់វិធានការគ្រប់គ្រងឲ្យបានតឹងរ៉ឹងបំផុត ដើម្បីធានា និងពង្រឹងសន្តិសុខ នៅតាមព្រំដែនរបស់ខ្លួន ជាពិសេសជាមួយបណ្តាប្រទេសអាមេរិកកណ្តាល។
ជុំវិញបញ្ហានេះដែររដ្ឋមន្ត្រីការបរទេសមិចស៊ីកូបានថ្លែងយ៉ាងដូច្នេះថា «គោលដៅនៃវិធានការទាំងនេះ គឺដើម្បីកាត់បន្ថយហានិភ័យខ្ពស់ ដែលអាចនឹងប្រឈមចំពោះអ្នកដែលចង់ចំណាកស្រុក»។ លោកក៏បានបន្ថែមទៀតថា ដើម្បីធានាសន្តិសុខជូនប្រជាជន រដ្ឋាភិបាលមិចស៊ីកូបានដឹកនាំកម្មវិធីពហុជាតិ ដើម្បីជំរុញការវិនិយោគនៅតំបន់អាមេរិកកណ្តាល និងបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីជួយជនចំណាកស្រុក ឱ្យមានការងារធ្វើបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកនៃជនអន្តោប្រវេសន៍អាមេរិកកណ្តាល ដែលរត់ភៀសខ្លួនចេញពីភាពក្រីក្រ និងឧក្រិដ្ឋកម្ម បានទៅដល់់ព្រំដែនភាគខាងត្បូងនៃប្រទេសមិចស៊ីកូទាំងក្រុមៗ ក្នុងគោលបំណងឆ្លងព្រំដែនទៅសហរដ្ឋអាមេរិក។ ខណៈរដ្ឋាភិបាលមិចស៊ីកូ បានចំណាយប្រាក់រហូតដល់ ២១លានដុល្លារអាមេរិក ដើម្បីជួសជុលជម្រកបណ្តោះអាសន្នចំនួន ១៥កន្លែង សម្រាប់ជនចំណាកស្រុកគ្មានឯកសារច្បាស់លាស់ ហើយពីរកន្លែងផ្សេងទៀត គឺនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់សេវាកម្មមូលដ្ឋាន រួមមានការថែទាំសុខភាព និងការអប់រំជាដើម៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print