ភ្នំពេញ៖ សាក្សីពីប្រជាពលរដ្ឋ អ្នកឃើញក្រុមសិស្សសាលាបានពពាក់ពពូនចូលលេងល្បែងតាម Online បាននិយាយថា៖ មាន
យុវសិស្សអាយុ១០ឆ្នាំទៅ១៥ឆ្នាំ ឈរតម្រង់ជួរគ្នាចាំចូលលេងល្បែងហ្គេមជាច្រេីនប្រភេទ តាមប្រព័ន្ធ Online នៅពិភពកម្សាន្ត“ដាហ្វូហាវ” ខណៈអាជ្ញាធរមិនអើពើ។
ទីតាំងល្បែងហ្គេមជាច្រេីនប្រភេទ តាមប្រព័ន្ធ Online អេឡិចត្រូនិច Slot Machines និង ប្រភេទហ្គេមបាញ់ត្រី នៅពិភពកម្សាន្ត“ដាហ្វូហាវ” ដែលស្ថិតនៅទល់មុខសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម កំពុងបើកលេងយ៉ាងរលូន ដោយបំពានគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាព ខណៈយុវសិស្សអាយុ១០ឆ្នាំទៅ១៥ឆ្នាំ ឈរតម្រង់ជួរគ្នាចាំចូលលេងភ្លេចការសិក្សាអស់ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ គេសង្កេតឃើញក្មេងៗសិស្សសាលាអាយុក្រោម១០ឆ្នាំ ឬ អាយុ១៥ឆ្នាំ ប៉ុណ្ណោះ បាននាំគ្នាតម្រង់ជួរចាំចូលលេងហ្គេមគ្រប់ប្រភេទនៅ ពិភពកម្សាន្ត ដាហ្វូហាវ ស្ថិតនៅផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
គួររំលឹកផងដែរថា ក្លឹបកម្សាន្តយីហោ”ដាហ្វូហាវ” កន្លងទៅ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ បង្ក្រាបរួចម្តងមកហើយ ដោយដកហូតទូហ្គេមមួយចំនួនផងដែរ ។ ប៉ុន្តែមិនដឹងហេតុអ្វីបានជាបើកដំណើរការវិញ ដោយលេងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យយុវជនដែលជាទំពាងស្នងឬស្សី ចូលលេងរហូតភ្លេចការសិក្សារទៀតផង ។
ប្រភពព័ត៌មាន បញ្ជាក់ថា ពិភពកម្សាន្ត ដាហ្វូហាវ មាន អាជ្ញាប័ណ្ណស្របច្បាប់ បើកលេងក្នុងបរិវេណ WB Arena ទល់មុខសង្កាត់ចាក់អង្រែក្រោម មានល្បែងហ្គេមជាច្រេីនប្រភេទ តាមប្រព័ន្ធ Online អេឡិចត្រូនិច Slot Machines និង ប្រភេទហ្គេមបាញ់ត្រី ជាច្រេីនគ្រឿងទៀត ។
ប៉ុន្តែអ្វីដែលពលរដ្ឋហួសចិត្តនោះ គឺត្រង់ថាក្មេងៗសិស្សសាលាជាច្រើននាក់ បានចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយរហូតភ្លេចការសិក្សារ ហើយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរនោះឡើយ ។ ទីតាំងនេះមានម្ចាស់ជាជនបរទេស និង មានមេការជាជនជាតិខ្មែរ ។
មជ្ឈដ្ឋានជាច្រើន ដាក់ការសង្ស័យថា ពិភពកម្សាន្តយីហោ” ដាហ្វូហាវ” អាចដំណើរបើកល្បែងទាំងនេះបាន និង អនុញ្ញាតអោយសិស្សសាលាចូលលេងបែបនេះ ប្រាកដជាមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរជាមិនខាន ។ ចុងក្រោយប្រជាពលរដ្ឋ សង្ឃឹមថា លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នឹងមានចំណាត់ការចំពោះ ពិភពកម្សាន្តមួយនេះ ៕
ដោយ៖ ស រស្មី