អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក១១ខ្សែប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ ប្រព័ន្ធលូ ក្នុងសង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យដើម្បីជួយសំរួលជូនពលរដ្ឋក្នុងការធ្វើដំណើរ

ចែករំលែក៖

ភ្នំពេញ ៖ ភ្នំពេញ៖ កំណាត់ផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែដែលមានប្រវែង ៣១៩៥ ម៉ែត្រ ការដាក់ប្រព័ន្ធលូ តាមបណ្តោយផ្លូវទាំង១១ខ្សែនេះ ជាមួយនឹងការសាងសង់បុរីឡេងណាវ៉ាត្រា របស់ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រា ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី១៥ កុម្ភៈឆ្នាំ២០២០ ដើម្បីសម្រួលដល់ជូនប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនផងដែរ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកស៊ុយសេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីប្រជា ពលរដ្ឋប្រមាណជិត១០០០នាក់ នៅក្នុងបុរីឡេង ណាវ៉ាត្រាស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកហែម ដារិទ្ធ នៅក្នុងឱកាសនោះបានមាន ប្រសាសន៍លើកឡើងថា វិស័យឯក ជន មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែងលោកឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកដល់ពេលនេះ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រនិងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២៤៧១ ដុល្លារសហរដ្ឋ អាមេរិក ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។ ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាតនិងមានទឹកលិចផ្លូវលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ថ្ងៃនេះសាលាខណ្ឌពោធិ៍សែន ជ័យជាពិសេស សង្កាត់ចោមចៅទី២ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេស ពីលោកឡេង ណាវ៉ាត្រា ដោយក្រុុមហ៊ុនរបស់លោក បន្តធ្វើការវិនិយោគ សាងសង់បុរីឡេង ណាវ៉ាត្រាលើផ្ទៃដីទំហំ១៥ ហិកតាសាងសង់លំនៅដ្ឋានចំនួន ១៣០០ល្វែង រួមជាមួយគ្នានេះលោកឡេង ណាវ៉ាត្រានិង ចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ប្រវែង ៣១៩៥ ម៉ែត្រចំណាយថវិកាចំនួន ៦១៣៤៤០ដុល្លារ និងដាក់ប្រព័ន្ធលូអស់ថវិកាចំនួន ១៥៩៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ដែលបាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

អភិបាលរងរាជធានីភ្នំពេញ លោកស៊ុយ សេរិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា៖ ពីមុន មកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកគឺបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះជាច្រើន។ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែដែលមានប្រវែងជាង៣ គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយថវិកាអស់ប្រមាណជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោកស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការវិនិយោគទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំងពីរផ្នែក ពោលគឺចំណេញទាំងរដ្ឋផងនិងវិស័យឯកជនផង ។ប្រទេសជាតិមួយដែលរីកចម្រើនខ្លាំងដាច់ខាតត្រូវតែមានការចូលរួមពីវិស័យឯកជន ។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានទាំងផ្លូវមានទាំងការដាក់បណ្ដាញលូសងខាងផ្លូវ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុងដ៏តូចមួយដែលមានផ្ទៃបៃតង។

លោកស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញរបស់យើងនាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាស្ទះ៣ នោះគឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាមនិងការកស្ទះបណ្ដាញលូ ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកគ្រូស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាទាំងបីនេះអោយបានប្រសើរឡើង ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print