ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ខាងរដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលជាអធិប្បតី លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត ដោយមានការអញ្ចើញចូលរួមពី មន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងវិស័យទាំង១៣ ក្នុងរចនាសម្ព័ន្ធថ្មី របស់រដ្ឋបាលស្រុក សៀមប៉ាង។
មានប្រសាសន៍ក្នុងពិធីនេះ លោកម៉ុម សារឿន បានមានប្រសាសន៍លើកឡើងថា ដើម្បីកំណែទម្រង់វិមជ្ឈការត្រូវបានឲ្យតម្លៃថាជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការគ្រប់គ្រងការចាត់ចែងនិងការប្រាស់ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាននិងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយការឆ្លើយតប តម្លាភាព គណនេយ្យភាព បរិយាប័ណ្ណ និងសមធម៌សង្គម។
ទោះជាយ៉ាងនេះក្តីការរៀបចំនិងការអនុវត្តន៍ កែទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗ ត្រូវឲមានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ ក្នុងបរិបទប្រទេសកម្ពុជាការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
លោកអភិបាលខេត្តបានបន្ថែមថា ពាក់ព័ន្ធនឹងកិច្ចការនេះ សូមស្នើដល់រដ្ឋបាលក្រុងស្រុកទាំងអស់ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់តាមរយៈ ការបង្កើតរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុក ដើម្បីធានា ដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះឱ្យមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះដែរ ក៏ត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ស្មៀនឃុំ ជាពិសេសត្រូវជួយពង្រឹងការតាមដាន និងត្រួតពិនិត្យការបំពេញតួនា ទីភារកិច្ចរបស់ស្មៀនឃុំឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន តាមគោលការណ៍លើកកំពស់នឹងសរសើរ នូវវិន័យឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។
ក្នុងឱកាសលោកអភិបាលនៃគណ:អភិបាលខេត្ត បានកោតសរសើរ ចំពោះរដ្ឋបាលក្រុង នឹងស្រុក ទាំងប្រាំមួយដែលបានខិតខំប្រឹងប្រែង បាននូវការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអនុវត្តន៍ ។
ក្នុងនោះលោកអភិបាលខេត្ត ក៏បានជំរុញឲ្យយកចិត្តទុកដាក់ ទៅលើវិធានការសំខាន់ៗដូចជា ត្រូវបន្តជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” (ទាំង៩ចំណុច) ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់នៅគ្រប់មូលដ្ឋានទូរទាំងស្រុក និងត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងការចែកចាយនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងទូរទាំងស្រុកដោយត្រូវដាក់ចេញ នូវវិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងកម្សាន្តសប្បាយ សណ្ឋាគារ ផ្ផ្ទះសំណាក់នានា នៅក្នុងមូលដ្ឋានខ្លួន ៕ ដោយ ៖ មាស សុផាត