បាត់មុខពីសិល្បៈ សឿន វីតា បង្ហាញភាពហ៊ឺហារ នឹងរថយន្តប្រណីតផ្ទះថ្មី

ចែករំលែក៖

ភ្នំពេញ៖ យីអ៊ុនឡើងស្រឺតៗ ក្រោយបាត់មុខពីសិល្បៈមួយរយៈពេលខ្លី តារាសម្តែង សឿន  វីតា ហាក់លេចចេញភាពហ៊ឺហាខ្លាំង។ តារារូបនេះបានបង្ហាញផ្ទះមួយជុងថ្មីអម ដោយរថយន្តថ្មីទំនើបតម្លៃជាង៤ម៉ឺនដុល្លារអាមេរិកហើយលោកក៏ចង់អញ្ជើញសិល្បករដែលមិនមានចំណូលខ្ពស់អាចចូលរួមការងារមួយជាមួយលោកផងដែរ។ 

រឿង “នាឡិការដាស់វិញ្ញាណ” ជាស្នាដៃចុងក្រោយ ដែលតារាសម្តែង សឿន វីតា បានបង្ហាញមុខ ទោះជាយ៉ាងណាតារាប្រុសសម្បូររោមរូបនេះ លើកឡើងថាលោក មិនបោះបង់ការងារសិល្បៈចោលទាំងស្រុងទេ ព្រោះតែការងារនេះជាដើមកំណើតដែលនាំឲ្យលោកមានថ្ងៃនេះ ហើយក៏ជាការងារដែលលោកស្រលាញ់ចូលចិត្ត។

តារាប្រុសកូន២​រូបនេះលើកឡើងដែរថា បាត់មិនបង្ហាញមុខលើស្នាដៃសម្តែងច្រើនដូចគ្រាមុន ព្រោះលោកធ្វើការនៅក្រុមហ៊ុនផលិតផលអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េ យីហោ Korea Pure ក្នុងតំណែងជា Gold  Dragon ។ លោកទទួលស្គាល់ថា មួយរយៈក្រោយនេះជីវភាពរបស់លោកកាន់តែប្រសើរខ្លាំង គឺ៦ខែដែលលោកបំពេញការងារនៅទីនេះលោកមានតំណែងមួយខ្ពស់ នឹងអាចរកប្រាក់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេ​រិក ក្នុងនោះលោកបានទិញផ្ទះក្នុងបុរីមួយនាតំបន់គួរស្រូវក្នុងតម្លៃ៦ម៉ឺនដុល្លារអាមេរិក  និងរថយន្ត MG តម្លៃ៤ម៉ឺនដុល្លារអាមេរិក។

លោកថា មិនមែនជាការអួតអាង ទេ ប៉ុន្តែលោកចង់ឲ្យសិល្បករដែលមានពេលទំនេរច្រើនអាចចូលរួមការងារនេះជាមួយលោកបានដើម្បីចូលរួមបង្កើនប្រាក់ចំណុលបន្ថែមពីការងារសិល្បៈ ។ លោកថាជាការងារស្របច្បាប់មានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ និងមានការធានារ៉ាប់រងត្រឹមត្រូវ។ ទោះរវល់ការងារខាងក្រៅច្រើនប៉ុន្តែលោកកំពុងលៃលកពេលវេលា ទទួលថតភាពយន្តថ្មីដែលចំណាយពេលវេលាតិច ដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខ និងបញ្ជាក់ថាលោកមិនចោលការងារសិល្បៈដែលលោកស្រលាញ់នោះទេ។

លោកទទួលស្គាល់ថាការផ្អាកទទួលការសម្តែងសិល្បៈមួយចំនួនព្រោះត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ ដែលភាគច្រើនជាដំណើរកម្សាន្តដែលក្រុមហ៊ុនបានរៀបចំឲ្យ។  លោកថាថ្មីៗនេះមានផលិតករទាក់ទងឲ្យលោកចូលរួមសម្តែងមិនក្រោម៥រឿងទេ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនទទួល។ លោកថាមានតែការថតតិចតួ​ចប៉ុណ្ណោះសម្រាប់ផលិតកម្ម LD និងផលិតកម្ម Town  ដែលសូម្បីអាជីពជួយរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ពីមុនក៏លោកផ្អាកផងដែរ។ លោករំពឹងទុកថាទាំងការងារសិល្បៈ ពិសេសការងារក្រៅសិល្បៈរបស់លោកកាន់តែរីកចម្រើនខ្លាំងជាងមុន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print