ខេត្តកំពង់ធំ ៖ អគ្គីភិយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងនិងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងដឹងថាផ្ទះទាំង៤ខ្នងដែលត្រូវអគ្គិភ័យបំផ្លាញមាន៖ ១៖ ផ្ទះឈ្មោះ ហេង ហ្គិច ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរអាជីវករ នៅភូមិកំពង់ក្របៅ ទំហំផ្ទះ៦ម៉ែត្រគុណ១៤ម៉ែត្រ, ២៖ ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរធ្វើស្រែ ផ្ទះទំហំ៧ម៉ែត្រគុណ១១ម៉ែត្រ និង ៣៖ ឈ្មោះ ស៊ូ គឹមសាត ភេទស្រី អាយុ៥៣ឆ្នាំ មានចំនួន២ផ្ទះជាប់គ្នា ទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ និងទំហំ៥ម៉ែត្រគុណ១៥ម៉ែត្រ។
តាមការបញ្ជាក់ពីឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឲ្យដឹងថា មូលហេតុនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណុចបង្គោលភ្លើងមុខផ្ទះឈ្មោះ ហេង ហ្គិច ឆ្លងចូលទៅក្នុងផ្ទះបណ្តាលឲ្យឆាបឆេះផ្ទះសរុបចំនួន០៤ខ្នង។ចំពោះការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន មានកំលាំងស្នងការដ្ឋានអធិការដ្ឋាន កំលាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ យោធា កងរាជអាវុធហត្ថសរុបចំនួន៥៧នាក់ រួមនឹងប្រជាពលរដ្ឋផងដែរ។
សម្រាប់ទ្រព្យសម្បតិដែលខូចខាតរួមមាន៖ គ្រែ៦ ទូរទស្សន៍២គ្រឿង លុយដុល្លារ២៧០០០ដុល្លារ, លុយខ្មែរ២៥លានរៀល ម៉ូតូចំនួន២គ្រឿង មាស១៣តម្លឹង និងសម្ភារៈមួយចំនួនទៀត។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃដដែល ៕ ប៊ុនរិទ្ធី