វិភាគព័ត៌មានអន្តរជាតិ៖ ចិនរកឃើញ ថ្នាំ ព្យាបាល វីរុសកូរ៉ូណា ជាលើកដំបូង លេងជាក្តីបារម្ភទៀតហើយ

ចែករំលែក៖

ប្រទេសចិន៖ ចាប់តាំងពីវិរូស កូវីដ-១៩ ដែលពីមុនមានឈ្មោះបណ្តោះអាសន្ន(កូរ៉ូណា)បានផ្ទុះឡើងនៅក្នុងប្រទេសចិន តាំងពីខែធ្នូឆ្នាំ ២០១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងប្រទេសចិន នឹងជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះការឆ្លងរាលដៃនៃវីរុសនេះ យ៉ាងឆាប់រហ័សដល់ពលរដ្ឋ ជាង ៧ម៉ឺននាក់បានឆ្លង និងជិត២ពាន់នាក់ស្លាប់ គិតមកដល់ថ្ងៃទី ១៧ខែកុម្ភៈនេះ។
ការឆ្លងរាលដាលទាំងនោះហើយបានធ្វើឲ្យក្រុមហ៊ុនស្រាវជ្រាវ ផលិតឱសថរបស់ចិន និងជុំវិញពិភពលោកខិតខំ រកឱសថព្យាបាល ឲ្យបានទាន់ពេលវេលា ។ រយៈពេល ជិត ២ខែមិនទាន់មានក្រុមហ៊ុនណាមួយរកឃើញនោះឡើយ ។
ប៉ុន្តែពេលនេះ ក្រុមហ៊ុន ផលិតឱសថក្នុងស្រុករបស់ចិនប្រកាសថា បានរកឃើញ ឱសថព្យាបាលវីរុសកូវីដ-១៩ គឺជាដំណឹងល្អបំផុត ដែលមនុស្ស ទូទាំងពីភពលោកកំពុងរងចាំ។   យោងបើតាម សេចក្ដីប្រកាស មួយ របស់ អាជ្ញាធរទីក្រុង TAIZHOU របស់ ប្រទេសចិន ដែលដកស្រង់ផ្សាយតាម បណ្ដាញសង្គម WECHAT (បណ្តាញសង្គមល្បីបំផុតនៅចិន)បានឱ្យដឹងថា៖ ឱសថមួយ ដែលអាចមាន ប្រសិទ្ធភាពប្រឆាំង ការឆ្លង រាលដាលនៃ វីរុសCOVID-19 ត្រូវបានអនុម័ត និងអនុញ្ញាតឲ្យចាប់ផ្ដើម ផលិត ចាប់ពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ តទៅ ។
យោងតាមអាជ្ញាធរ ទីក្រុងTAIZHOU ខេត្ត ហ្សេ យ៉ាងភាគខាងកើតប្រទេសចិន បាន ឲ្យដឹងថា ថ្នាំដំបូងនោះ ដែល អាចមាន ប្រសិទ្ធភាពក្នុងការតស៊ូប្រឆាំង វីរុសកូ រ៉ូ ណាថ្មី ត្រូវបានបញ្ជូនឲ្យ ធ្វើផលិតកម្ម ចាប់ពី ថ្ងៃទី១៦ ខែកុម្ភៈ តទៅ ។ ថ្នាំនេះ កាលពី មុនគេ ស្គាល់ក្រោម ឈ្មោះថា FAVIPIRAVIR ឬ AVIGAN ។
សេចក្ដីប្រកាស នោះ បញ្ជាក់ថា ឱសថនោះ ផលិតដោយក្រុមហ៊ុន ZHEJIANG HISUN PHARMACEUTICAL ទទួលបានការអនុម័ត ជាផ្លូវការ ដោយអាជ្ញាធរ ជាតិ ត្រួតពិនិត្យស្បៀង និង ថ្នាំពេទ្យចិន ដើម្បីឲ្យធ្វើពាណិជ្ជកម្ម ។

សេចក្ដីប្រកាសតាម WECHAT ដកស្រង់ ផ្សាយ ដោយបណ្ដាសារព័ត៌មានចិនបន្តថា នោះ ជាឱសថដំបូងរបស់ប្រទេស ដែល ក្នុង កាលៈទេសៈ កំពុងមានការឆ្លង រាលដាល ខ្លាំងនៃ វីរុសប្រភេទថ្មី ត្រូវបានអនុម័ត ជាផ្លូវការបញ្ចូលក្នុងបញ្ជី នៃឱសថដែល អាចមាន ប្រសិទ្ធភាព ក្នុងការ ព្យាបាល ប្រឆាំង វីរុស COVID-19។
ពាក់ព័ន្ធនិងវីរុសកូវីដនោះដែរ ម៉ាឡេស៊ី ហាមនាវាទាំងអស់ មកពីចិនចូលចតនៅកំពង់ផែប្រទេសនេះ ។ ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail បានប្រកាស ហាមប្រាមរាល់នាវា មកពីប្រទេសចិន ចូលចតនៅកំពង់ផែ នៅក្នុងប្រទេសរបស់លោកស្រី។
តាមការលើកឡើងរបស់លោកស្រី Wan Ismail បានឲ្យដឹងថា ការហាមប្រាម គឺជាវិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលវីរុស កូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព ។ ការហាមប្រាមដោយសារតែអ្នកឆ្លងវីរុសកូវី១៩ មិនអាចរកឃើញភ្លាមៗ ក្នុងរយៈពេលខ្លី ៤-៥ថ្ងៃនោះឡើយ គឺជិតកន្លះខែ ទើបរកឃើញរោគសញ្ញា ។ ការហាមប្រាមខាងលើ ក្រោយពេលប្រទេសនេះ រកឃើញវីរុសកូវីដ-១៩ ឆ្លងដល់លោកយាយម្នាក់ អាយុ ៨៣ឆ្នាំ ជនជាតិអាមេរិក នៅលើនាវាទេសច រណ៍ MS Westerdam ។ រដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា លោកយាយ វ័យ៨៣ឆ្នាំ ស្ថិតនៅក្នុងចំណោម អ្នកដំណើរ ១៤៥៥នាក់ នៅលើនាវា MS Westerdam ដែលធ្លាប់បានចូលចត នៅកោះហុងកុង ហើយអាចឆ្លងមកពីពលរដ្ឋហុងកុង ។
ចំណែករាប់រយនាក់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កំពុងរៀបចំជម្លៀស ចេញពីនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង បន្ទាប់ពីដាក់ដាច់ដោយឡែកពីប្រទេសជប៉ុន រយៈពេល២សប្ដាហ៍ ដោយសារតែវីរុសកូរ៉ូណា ឬកូវីដ-១៩។ នេះបើយោងតាម សារព័ត៌មាន The National ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រភពព័ត៌មានដដែល បានឲ្យដឹងថា អ្នកដំណើរតាមនាវាទេសចរណ៍ ជាជនជាតិអាមេរិកាំង ជាច្រើននាក់ កាលពីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ បានធ្វើដំណើរតាមយន្ដហោះជម្លៀស វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ប៉ុន្ដែថ្វីបើមានការខិតខំជម្លៀសយ៉ាងណាក្ដី ក៏មានអ្នកទេសចរជាង៧០នាក់ នៅលើនាវាទេសចរណ៍ Diamon Princess ត្រូវបានអះអាង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ថាមានជំងឺថ្មី។ ករណីនេះ ធ្វើឲ្យចំនួនអ្នកជំងឺកើនឡើង៣៥៥នាក់ នៅក្រៅទឹកដីចិន។
លោក Katsunobu Kato រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព បានថ្លែងថា រហូតមកដល់ពេលនេះ យើងបានអនុវត្តការធ្វើតេស្ដ សម្រាប់បុគ្គលផ្ទាល់ខ្លួន ចំនួន១២១៩នាក់។ មនុស្ស៣៥៥នាក់ បានធ្វើតេស្ដ រកឃើញវិជ្ជមាន ហើយ៧៣នាក់ រកមិនបានបង្ហាញរោគសញ្ញានោះទេ។
នាវាទេសចរណ៍ខ្នាតយក្សខាងលើ បានផ្ទុកអ្នកដំណើរ ជាង៣ពាន់នាក់បានជាប់ នៅក្នុងប្រទេសជប៉ុន ដោយសារការផ្ទុះវីរុសកូរ៉ូណា នៅដើមខែនេះ ទាំងអ្នកទេសចរ និងនាវិក។
ជើងហោះហើរចំនួន២ បានប្រតិបត្តិការ ដោយក្រុមហ៊ុន Kalitta Air បានដឹកអ្នកដំណើរជនជាតិអាមេរិក ពីរទៅបីរយនាក់ ពីកប៉ាល់ ហើយចាប់ផ្ដើមចេញពីអាកាសយានដ្ឋាន Haneda នៅព្រឹក ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានចូល រួមក្នុងប្រតិបត្តិការជម្លៀស មុនសហរដ្ឋអាមេរិក ដោយសារការផ្ទុះវីរុស នៅប្រទេសចិន។ ចាប់ពីម៉ោង១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ គេឃើញពលរដ្ឋអាមេរិកាំង ចាកចេញពីនាវាទេសចរណ៍ Diamon Princess ហើយឡើងយន្ដហោះត្រឡប់ ទៅកាន់អាមេរិក វិញ។
ជាមួយគ្នានេះ កាណាដា កូរ៉េខាងត្បូង ហុងកុង និងអ៊ីតាលី បានធ្វើឡើង តាមអាមេរិក ក្នុងការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន វិលត្រឡប់ទៅប្រទេសកំណើតវិញ ក្រោយពេលនាវាទេសចរណ៍នោះ ត្រូវឃាត់ទុកឲ្យនៅដាច់ដោយឡែក ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈ នោះមក។
អាជ្ញាធរបណ្ដាប្រទេសជាច្រើន បានថ្លែងថា អ្នកដំណើរគួរតែមិនមានរោគសញ្ញា ពេលឡើងជិះយន្តហោះ ហើយទុកដាច់ឆ្ងាយពីគេ នៅពេលទៅដល់ប្រទេសកំណើត។
លោក Matthew Smith អ្នកដំណើរម្នាក់នៅលើនាវាទេសចរណ៍នោះ បានថ្លែងថា មន្រ្ដីអាមេរិក បានណែនាំឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយមន្រ្ដីអាមេរិក បានចូលពិនិត្យមើលបន្ទប់របស់គាត់ និងសួរនាំគាត់ថា ចង់នៅលើនាវា ឬត្រឡប់ទៅប្រទេស កំណើត។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងតូក្យូ បានថ្លែងថា ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកដំណើរអាមេរិក នៅលើនាវានោះ នឹងមានជម្រើស តាមជើងហោះហើរ ដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ រហូតដល់ថ្ងៃទី៤ ខែមីនា។
យោងតាមការផ្សាយ របស់ប្រភព wikipedia បានបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះនូវវីរុសកូរ៉ណា នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅប្រទេសចិន មានអ្នកឆ្លងជំងឺកូរ៉ូណា សរុប ៧០៤៥០នាក់, ស្លាប់ ១ ៧៦៥នាក់។ ដោយឡែកអ្នកជំងឺ ១០៤៣៥នាក់ បានចាកចេញពីមន្ទីរពេទ្យ វិញហើយដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print